បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពវិញ្ញាណក្ខន្ធ រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី

0

ខេត្តកំពង់ធំ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ។​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹកករងកំពង់ធំ យោធភូមិភាគទី ៤ បានប្រារព្ធពិធី គោរពវិញ្ញាណក្ខន្ធ រាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ វីរយុទ្ធជនដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណៈភាពទឹកដី ទប់ស្កាត់ពីការឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃពីពួកទាហានសៀម នៅតាមខ្សែបន្ទាប់ព្រំដែនកម្ពុជាថៃ កាលពីពេលថ្មីៗកន្លងទៅនេះ  ។ ដែលវិធីនេះប្រព្រឹត្តទៅ ស្ថិត​ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងលោកជំទាវ នួន វិធាវី  ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា: ជានិច្ចកាលប្រជាជនកម្ពុជាគ្រប់រូប ព្រមទាំង​នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ពិតជាគោរពដឹងគុណជានិច្ចមិនអាចបំភ្លេចបានឡើយ នូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរៈយុទ្ធជន ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុការពារជាតិ ការពារបូរណៈភាពទឹកដី និងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា ដែលទទួលរងនូវការឈ្លានពានដ៏អយុត្តិធម៌​ ពីពួកទាហានសៀម​ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន និងលោកជំទាវនួនវិធាវី ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាននាយទាហានរងនិងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ធំនិងក្រុមគ្រួសារ បាន​គោរព​វិញ្ញាណក្ខន្ធ​ រាប់​បាត្រ​ បង្សុកូល​ ឧទ្ទិស​កុសល​នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនយើងបានទៅកាន់សុខពិភពកុំបីឃ្លាតទៀតឡើយ។ ហើយបងប្អូនវីរយុទ្ធជនដែលកំពុងរងរបួសពីការ ឬមានជម្ងឺសូមឲ្យបានឆាប់ជាសះស្បើយនិងមានសុខភាពល្អ។