(កំពង់ធំ)÷ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ បានរៀបចំពិធីនិមន្តព្រះសង្ឃ សូត្រមន្ត ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន និងសេចក្ដីសុភមង្គលជូនដល់អង្គភាព មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទៅ។
ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមវត្តមានលោកស្រីង៉ែត ណារីនប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរនិងមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តកំពង់ធំ ក្នុងបរិយាកាសយ៉ាងសុភមង្គល និងគោរពតាមប្រពៃណីវប្បធម៌ជាតិខ្មែរ។ ព្រះសង្ឃបានសូត្រមន្ត ប្រោសព្រំ និងផ្តល់នូវធម៌ ដើម្បីជំរុញឱ្យមានសេចក្ដីល្អ សន្តិភាព និងភាពរីកចម្រើនក្នុងជីវិតការងារ និងជីវិតប្រចាំថ្ងៃ។
កម្មវិធីនិមន្តព្រះសង្ឃសូត្រមន្តនេះ មិនត្រឹមតែជាការអនុវត្តតាមប្រពៃណីបុណ្យទេ ប៉ុន្តែថែមទាំងជាការចូលរួមថែរក្សា និងលើកតម្កើងអត្តសញ្ញាណជាតិខ្មែរ ឱ្យបន្តរឹងមាំ និងមានតម្លៃសម្រាប់ជំនាន់ក្រោយផងដែរ។ ព្រមទាំងមានការសម្ដែងរបាំត្រុដិ ដើម្បីបណ្ដេញគ្រោះចង្រៃសម្រាប់ថ្នាំចាស់នឹងឈានចាប់យកនៅសេរីសួស្ដីសម្រាប់ឆ្នាំថ្មីបន្តទៅទៀត។
ជារួម ពិធីនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមរួមគ្នារបស់មន្ត្រីរាជការ ក្នុងការអភិរក្សវប្បធម៌ប្រពៃណី និងបង្កើនសាមគ្គីភាពក្នុងអង្គភាព ដើម្បីឈានទៅរកភាពរីកចម្រើនបន្ថែមទៀត។ អត្ថបទធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលអ៊ុមញឹប





































