ខេត្តកំពង់ធំ៖ នៅមុនពេលឈានចូលដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជ្ញាធរខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំ បានរួមគ្នាដំណើរការយ៉ាងសកម្មក្នុងការរៀបចំសម្អាតបរិស្ថាន និងអនាម័យ ដើម្បីបង្កើនសោភ័ណភាពទីក្រុង ទីប្រជុំជន និងតំបន់ជនបទ ឱ្យមានភាពស្អាត
ស្អំ សមរម្យសម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យប្រពៃណីដ៏សំខាន់នេះ។
យុទ្ធនាការសម្អាតត្រូវបានអនុវត្តនៅតាមផ្លូវសាធារណៈ ទីផ្សារ វត្តអារាម សាលារៀន និងទីប្រជុំជននានា ដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន។ ប្រជាពលរដ្ឋបានសម្អាតសំរាម កាត់ស្មៅ រៀបចំដើមឈើ និងលាបពណ៌តុបតែងបរិវេណផ្ទះ និងសហគមន៍របស់ខ្លួន ធ្វើឱ្យបរិយាកាសទូទៅកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ។
ឯកឧត្តមព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំនៅព្រឹកថ្ងៃទី 7 ខែមេសាឆ្នាំ 2026 បានឲ្យដឹងថា ការចូលរួមសម្អាតបរិស្ថានមិនត្រឹមតែជួយលើកកម្ពស់សោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងជួយការពារសុខភាព និងបង្កើនភាពសាមគ្គីក្នុងសហគមន៍ផងដែរ។ អាជ្ញាធរសូមអំពាវនាវឲ្យមនុស្សគ្រប់រូបបន្តរក្សាអនាម័យ ពិសេសកុំបោះចោលសំរាមតាមដងផ្លូវ និងទុកដាក់សំរាមតាមទីសាធារណៈនិងភូមិភូមិដ្ឋានឲ្យបានត្រឹមត្រូវ និងចូលរួមថែរក្សាបរិស្ថានឱ្យបានស្អាតជាបន្តបន្ទាប់ មិនត្រឹមតែសម្រាប់រដូវបុណ្យប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
ឯកឧត្តមបន្តទៀតថា សកម្មភាពនេះមិនត្រឹមតែជាការត្រៀមខ្លួនសម្រាប់ពិធីបុណ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ និងការចូលរួមរបស់សហគមន៍ក្នុងការថែរក្សាបរិស្ថាន និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានេះដែរ បរិយាកាសនៅទូទាំងខេត្តកំពង់ធំក៏កំពុងត្រូវបានតុបតែងលម្អដោយទង់ជាតិ បដា និងភ្លើងពណ៌យ៉ាងស្រស់ស្អាត បង្កើនភាពរីករាយ និងស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យកាន់តែអធិកអធម និងមានន័យសម្រាប់ប្រជាពលរដ្ឋទាំងអស់។ អត្ថបទធូរកែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប




































