កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា គោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម គឺដើម្បីថែរក្សា វប្បធម៌ប្រពៃណី រួមទាំងរំលឹកដឹងគុណដល់វីរកងទ័ព និងជាការពង្រឹងសេដ្ឋកិច្ចផងដែរ ថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
អាណត្តិទី៤ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។
ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត គឺពិតជាសំ ខាន់ណាស់ រដ្ឋបាលខេត្តកំពង់ចាម បានគិតគូរច្បាស់លាស់ ដោយមានផែនការ ធ្វើយ៉ាងណាឱ្យ មានការថែរក្សា នូវវប្បធម៌ ប្រពៃណីសាសនារបស់យើង ឱ្យបានល្អ ឱ្យបានគត់មត់ ជាពិសេសគឺ បញ្ជ្រាបការយល់ដឹង ដល់ស្រទាប់យុវជនឱ្យចេះស្រលាញ់វប្បធម៌ ប្រពៃណី តាមរយៈការចូលរួម លេងល្បែងប្រជាប្រិយ រួមទាំងការរំលឹកដឹងគុណដល់វីរកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ហើយក៏ជាការពង្រឹងដល់សេដ្ឋកិច្ចនៅក្នុងខេត្តផងដែរ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តី ព្រាងរបៀបវារៈសំខាន់ៗ ចំនួន៥ យកមកពិនិត្យ ពិភាក្សា និងអនុម័តផងដែរ ៕






































