កំពង់ធំ÷ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ធំ និងមន្ត្រីជំនាញ នៅថ្ងៃទី០៩ខែមេសា ឆ្នាំ២០២៦ បានធ្វើជីវសុវត្ថិភាព(បាញ់ថ្នាំសំលាប់មេរោគ) នៅលើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ និងនៅសត្តឃាតដ្ឋានជាពិសេសនាឱកាសចូលឆ្នាំខ្មែរ
ប្រពៃណីជាតិ ជាមួយនឹងតម្រូវការសាច់សត្វច្រើន និងមមាញឹកក្នុងគោលបំណង ការពារទប់ស្កាត់ជំងឺឆ្លងសត្វ(ពីសត្វ ទៅសត្វ និងពីសត្វទៅមនុស្ស) មានទីតាំងនៅភូមិបល្ល័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
មួយគ្នានេះផងដែរលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានបញ្ជាក់ជាលទ្ធផល ក្រុមការងារបានបាញ់ថ្នាំសំលាប់មេរោគ នៅលើមធ្យោបាយដឹកជញ្ជូនសត្វសរុបបាន២៥រថយន្ត ក្នុងនោះរថយន្តដឹកមាន់បានចំនួន១៣ រថយន្ត និងរថយន្តដឹកជ្រូកបានចំនួន ១២រថយន្ត រួចបន្តចុះធ្វើជីវសុវត្ថិភាព នៅសត្តឃាតដ្ឋានក្រុងស្ទឹងសែន។ ហើយក្រុមការងារការិយាល័យបសុព្យាបាលខេត្តកំពុង និងបន្តធ្វើជីវសុវត្ថិភាពនៅតាមបណ្ដាក្រុងស្រុកជាបន្តបន្ទាប់ទៀត និងជាប្រចាំដើម្បីសុខមាលភាពប្រជាពលរដ្ឋ និងសុខភាពសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានជំរុញឱ្យម្ចាស់ឡានដែលដឹកសត្វរស់គ្រប់ប្រភេទ ដែលឆ្លងកាត់ខេត្តកំពង់ធំ សូមអញ្ជើញមកបាញ់ថ្នាំសម្លាប់មេរោគនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តឱ្យបានគ្រប់ឡាន ដើម្បីការពារកុំឱ្យជំមានជំងឺឆ្លងទៅសត្វដទៃទៀត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
ជាចុងក្រោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានសំណូមពរដល់បងប្អូនប្រជាកសិករដែលចិញ្ចឹមសត្វគោ ក្របី សូមអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺដល់សត្វគោ ក្របី កុំឱ្យឆ្លងឆ្លងទៅសត្វដទៃទៀតនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ប្រសិនឃើញសត្វមានបញ្ហាទៅលើសុខភាព សូមរាយការណ៍ជាបន្ទាន់ដល់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យក្រុមការងារជំនាញចុះទៅចាក់ថ្នាំការពារឱ្យបានទាន់ពេលវេលា៕






































