រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីស្រង់ព្រះនៅសួនច្បារព្រះអង្គចេកព្រះអង្គចម

0

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំប្រារព្ធពិធីស្រង់ព្រះ នៅថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃវារៈឡើងស័ក នៅនឹងទីតាំងសួនច្បារព្រះអង្គចេកព្រះអង្គចម។ ពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី៣ ថ្ងៃចុងក្រោយ នៃពិធីចូលឆ្នាំខ្មែរ ហើយបងប្អូន ពុទ្ធបរិស័ទទាំងជិតឆ្ងាយតែងមកវត្តអារាម ដើម្បីធ្វើពិធីនេះដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ ដើម្បីស្រោចស្រពដល់ព្រះបដិមា ចាស់ព្រឹទ្ធាចារ្យ ឬ អ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ។ ដោយមានការនិមន្តចូលរួមក្នុងពិធីសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្នុងថ្ងៃវារៈឡើងស័ក នៅរសៀលថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦ ត្រូវនឹងថ្ងៃវារៈឡើងស័កនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយឯកឧត្តម អគ្គកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប និងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ព្រមទាំងអស់លោក លោកស្រី គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ទីរស្ថាប័ន អង្គភាព សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត បាននិមន្តព្រះសង្ឃសូត្រជ័យន្តោធ្វើពិធីស្រង់ព្រះ ចំនួន ៧០អង្គ សីលវ័ន្ត សីលវត្តី ១០០នាក់ ទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរដែលមានជាយូរលង់មកហើយ ។
ក្នុងពិធីនោះដែរ ពិធីសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ មាននថេរដិកាលើកឡើង អំពីពិធីបុណ្យចូល ឆ្នាំ មានរយៈពេលបីថ្ងៃ នៅថ្ងៃទី១ជាថ្ងៃចូលឆ្នាំថ្មី ,ថ្ងៃទី២ជាថ្ងៃ វីរៈវ័នបត និង ថ្ងៃទី៣ ជាថ្ងៃចុងក្រោយ ជាថ្ងៃវីរៈឡើងស័ក ។ ពិធីនេះប្រជាជនខ្មែរតែងប្រារព្ធធ្វើឡើងមិនដែលដាច់ នៅពេលចូលឆ្នាំខ្មែរម្ដងៗ និង មានជំនឿតៗគ្នាមកយូរហើយថា ស្រង់ព្រះទាំងព្រះរូបបដិមា និង ព្រះរស់ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើនត្រជាក់ត្រជុំ ។ សម្តេចបានរៀបរាប់ថា ថ្ងៃសង្ក្រាន្តថ្មី មកដល់ព្រះបាទបសេនទិកោសលបាន រៀបចំជាបារាំយ៉ាងល្អវិចិត្រនៅឆ្នេរស្ទឹងមួយ ហើយក៏និមន្តព្រះពុទ្ធ និងព្រះសង្ឃ ស្រង់ទឹករួចសមាទានសីល រួចប្រគេនភត្តាហារ ចំពោះព្រះពុទ្ធព្រមទាំងភិក្ខុសង្ឃ ដែលគង់នៅទីនោះផង ។ អ្នកដែលបានស្រង់ទឹកព្រះសង្ឃ មាតាបិតា គ្រូឧបជ្ឈាយ៍ទទួលបានផល្លានិសង្ឃ ច្រើនណាស់ ហើយអនាគតជាតិនឹងបានទៅ កើតក្នុងឋានទេវលោកបានសេចក្តីសុខគ្រប់បែបយ៉ាង ។ ដោយសារមានជំនឿ និងទំនៀមទម្លាប់ របស់ដូនតាខ្មែរយើង ដូច្នេះហើយទើបបាន ជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃនេះ ឲ្យតែដល់ពេលចូលឆ្នាំថ្មីម្តងៗគេតែតែង ធ្វើពិធីស្រង់ទឹកពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតានៅតាមទីអារាម និង ភូមិស្រុកនានា ។
ក្នុងទិដ្ឋភាពជាក់ស្តែង ប្រជាពលរដ្ឋខ្មែរដែលគោរពជឿលើព្រះពុទ្ឋសាសនាទូទៅតែងតែស្រង់ទឹកជូនដល់អ្នកមានគុណដែលគេនិយមហៅថា ស្រង់ព្រះរស់ និង ស្រង់ព្រះនៅតាមទីអារាមនានា អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីជាកិច្ចតបគុណ រំឭកដល់ការលះបង់ដ៏ធំធេងរបស់ឪពុកម្តាយ ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនចៅគ្រប់រូបទម្រាំចម្រើនវ័យ មានសម្ថភាពពេញលេញអាចគ្រប់គ្រងជីវិតខ្លួនឯងបាន ជារៀងរាល់ឆ្នាំអំឡុងពិធីបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់ ។ នេះជាពិធីបែបសាសនាប្រពៃណីទំនៀមទម្លាប់ខ្មែរដ៏មានប្រជាប្រិយភាព និយមធ្វើនៅ ថ្ងៃទី៣នៃបុណ្យចូលឆ្នាំខ្មែរ ដោយអ្នកប្រតិបត្តិតាមពិធីនេះគេគិតដល់គុណប្រយោជន៍នៃទឹកជាធាតុត្រជាក់ ពេលស្រោចទៅលើនរណាម្នាក់អាចធ្វើឲ្យអ្នកទទួលទឹកនោះ ត្រជាក់កាយសប្បាយចិត្ត ស្រស់ស្រាយក្នុងអារម្មណ៍ ហើយក៏ជូនពរត្រលប់មកអ្នកប្រារព្ធរៀបចំពិធីនោះវិញដែរ ។ ចំណែកឯមាតាបិតា ចាស់ព្រឹទ្ធាចារ្យ ឬអ្នកមានគុណ កូនចៅមកស្រោចទឹក ឬ ងូតទឹកដុសក្អែលឲ្យ ក៏ដើម្បីបង្ហាញពីកតញ្ញុតាធម៌ ការដឹងគុណ និង ឲ្យបានត្រជាក់ ពីឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ទាំងអស់គ្នាផងដែរ ៕