វត្តមានហ្វូងដំរីព្រៃជាច្រើនក្បាល បង្ហាញខ្លួននៅរមណីយដ្ឋានទឹកជ្រោះក្បាលព្រះ ខេត្តមណ្ឌលគិរី !

0

​ខេត្តមណ្ឌលគិរី៖ ហ្វូងដំរីព្រៃអាស៊ីដែលមានទាំងក្បាលធំ និងកូនតូចៗ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកំពុងចុះលេងទឹក និងរកចំណីយ៉ាងសប្បាយរីករាយនៅចំណុចអូរទេរ ក្បែររមណីយដ្ឋានទឹកជ្រោះក្បាលព្រះ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ។

​វត្តមានដ៏កម្រនៃហ្វូងដំរីព្រៃទាំងនេះ ត្រូវបានគេចាត់ទុកថា ជាសញ្ញាណវិជ្ជមាន និងជាលទ្ធផលផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

​លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់លើការការពារសត្វដំរីអាស៊ី ដែលមានចំនួនប្រមាណពី ៤០០ ទៅ ៦០០ក្បាល កំពុងរស់នៅតាមតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើត (ភូមិភាគឦសាន)។

​លោកខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន រួមជាមួយដៃគូពាក់ព័ន្ធ កំពុងបន្តអនុវត្តយ៉ាងសកម្មនូវ «ផែនការសកម្មភាពឆ្នាំ២០២០-២០២៩» ដើម្បី​ទប់ស្កាត់ ការបាត់បង់ជម្រកសត្វព្រៃ។
​បង្ការ ការបរបាញ់ និងការដាក់អន្ទាក់ខុសច្បាប់។

​ការរកឃើញវត្តមានកូនដំរីតូចៗនៅក្នុងហ្វូង គឺជាក្តីសង្ឃឹមយ៉ាងធំធេង ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃចំនួនសត្វដំរី។ លទ្ធផលនេះកើតចេញពីការបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងការចូលរួមយ៉ាងសកម្មក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាឱ្យបានគង់វង្ស៕ ដោយ៖ឡុង សំបូរ