ខេត្តឧត្តរមានជ័យ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវដំណើរការតភ្ជាប់បណ្តាញទឹកស្អាតតាមខ្នងផ្ទះ ជូនដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមជ្ឈមណ្ឌលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នា
ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេស ដែលបានខិតខំប្រឹងប្រែងពន្លឿនការងារតភ្ជាប់បណ្តាញទឹកស្អាត តាំងពីអំឡុងពេលបុណ្យចូលឆ្នាំថ្មី រហូតមកទល់ពេលនេះសម្រេចបានប្រមាណ ៩៥ភាគរយ ហើយ។
ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពខ្ពស់បំផុត ក្នុងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋភៀសសឹក លើការស្ថាបនាផ្លូវ ទឹកស្អាត បណ្តាញអគ្គិសនី និងសាលារៀន រៀបចំដីកសិកម្មសម្រាប់បង្កបង្កើនផល ទាំងលក្ខណៈគ្រួសារ និងសហគមន៍ ដើម្បីបង្កើតមុខរបរ និងចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃឱ្យមានស្ថិរភាព។
បន្ទាប់ពីពិនិត្យបច្ចេកទេស ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដោយបានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ ឯកឧត្តមបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋថា ប្រសិនបើជួបប្រទះបញ្ហាប្រឈម ឬមានតម្រូវការចាំបាច់ណាមួយ សូមរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះបានទាន់ពេលវេលា៕





































