ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចបវរធិបតី ប្រគេនដល់ព្រះសង្ឃដែលរងគ្រោះដោយអគ្គីភ័យ នៅវត្តជំនីក ស្រុកកោះសូទិន

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគេនដល់ព្រះសង្ឃគង់នៅវត្តជំនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលរងគ្រោះដោយអគ្គីភ័យ កាលពីវេលាម៉ោង ៥ល្ងាច  ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងការសោកស្តាយជាពន់ពេក ជាមួយព្រះចៅអធិការ និងគណៈកម្មការ អាចារ្យវត្ត ចំពោះឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំអោយខូចខាតទាំងកុដិ បាត់បង់ទាំងឧបដ្ឋានសាលា ក៏ឆេះអស់គ្មានសល់។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងព្រះសង្ឃតាមវត្តអារាម ត្រូវមានការប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានា ពិសេស គ្រោះអគ្គីភ័យ ដែលអាចកើតមានឡេីងគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស។ ហេតុនេះ មុននឹងចាកចេញពីផ្ទះ ឬ កុដិ ត្រូវពន្លត់ភ្លើងធូប ទៀន ចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេស ការ ត បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មករៀបចំទៅតាមបទដ្ឋាន បច្ចេកទេសអោយបានត្រឹមត្រូវ ។

គួរបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានប្រគេនព្រះចៅអធិការវត្តរងគ្រោះ  រួមមាន៖ អង្ករ ២០០គក្រ ត្រីខ ៨យួរ ,ទឹកត្រី ៨យួរ ទឹកស៊ីអ៊ីវ ៨យួរ ,មី ៨កេស ,តង់ធំ៨ និង ថវិកាសរុបចំនួន ៧លានរៀលផងដែរ ៕