ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញកាត់ឫសសីមារូបសំណាកនាគព័ន្ធថ្មី ធ្វើពីស្ពាន់សុទ្ធ ទម្ងន់៨តោន នៅដើមផ្លូវចូលក្នុងក្រុងកំពង់ចាម

0

កំពង់ចាម: ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញកាត់ឫសសីមា រូបសំណាកនាគព័ន្ធថ្មី សាងសង់ឡើងអំពីស្ពាន់សុទ្ធ ទម្ងន់៨តោន កម្ពស់ ១០ម៉ែត្រ ត្រូវបានរួចរាល់ ជាស្ថាពរ ត្រង់ចំណុចរង្វង់មូលនាគព័ន្ធចាស់ (ទល់មុខក្លោងទ្វារចូលវត្តប្រាសាទនគរបានជ័យ) នៅ ដើមផ្លូវចូលក្នុងក្រុងកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា រូបសំណាកនាគព័ន្ធនេះ គឺជា សំណង់ប្រវត្តិសាស្ត្រ ដែលតំណាងឲ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម ។ សមិទ្ធផលនេះ បាន សាងអំពីស្ពាន់សុទ្ធ មានទម្ងន់ ៨តោន កំពស់ ១០ម៉ែត្រ (បូកទាំងជើងទម្រ ៣ម៉ែត្រ) ផង ។ រូបសំណាកថ្មីនេះ បានកសាងឡើង ទៅតាមទម្រង់ចាស់ទាំងស្រុង ដោយប្តូពីស៊ីម៉ង់ត៍ មកជាស្ពាន់ សុទ្ធវិញ និងមានទំហំធំជាងមុន ដោយបានកែជើងទម្របែបថ្មី មានទំហំរហូតដល់ទៅ ១៧ម៉ែត្រ×១៧ម៉ែត្រ ឯណោះ ។

សូមជម្រាបផងដែរថា រូបសំណាកនាគព័ន្ធថ្មីនេះ បានសាងសង់នៅលើបណ្តោយផ្លូវជាតិលេខ ៧ ស្ថិតនៅចំណុចទល់មុខក្លោងទ្វារចូលវត្តប្រាសាទនគរបានជ័យ ព្រំប្រទល់ស្រុកកំពង់សៀម និង ក្រុងកំពង់ចាម ។ ហើយសំណង់នេះ ក៏ស្ថិតនៅជាមួយគម្រោងពង្រីក និងលើកកកម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជា ៤គន្លង ប្រវែងជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់ ចំណុចគល់ស្ពានគីស្សណា ក្រុងកំពង់ចាម កំពុងអនុវត្តដោយក្រុមហ៊ុន CRBC ប្រើប្រាស់ ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានដំណើរសាងសង់ នា ចុងឆ្នាំ២០២៣ ដែលគ្រោងបញ្ចប់ទាំងស្រុង នាឆ្នាំ២០២៧ ខាងមុខនេះផងដែរ ៕