ខេត្តព្រះវិហារ៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃឡង់ បានចុះប្រតិបត្តិការស្ទាក់ចាប់រថយន្តសាំយ៉ុងមួយគ្រឿង ដែលផ្ទុកទៅដោយឈើអារពេញប្រៀប ខណៈមធ្យោបាយល្មើសនេះកំពុងធ្វើដំណើរចេញពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ។
កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ត្រង់ចំណុចឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
ការបង្ក្រាបនេះ បានកើតឡើងស្របពេលដែលមហាជន និងបណ្ដាញសង្គម កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះករណីផ្ទុះឡើងនូវវិនាសកម្មព្រៃឈើ នៅក្នុងសហគមន៍ព្រៃរកា ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលត្រូវបានគេដឹងថា មានដើមឈើធំៗជាច្រើនដើម ត្រូវបានជនខិលខូចលួចកាប់រំលំយ៉ាងអនាធិបតេយ្យ។
ជុំវិញករណីនេះ បងប្អូនប្រជាសហគមន៍បានសម្តែងនូវក្តីព្រួយបារម្ភជាខ្លាំង ខ្លាចក្រែងហិនហោចធនធានធម្មជាតិ ដែលនៅសេសសល់។ បន្ទាប់ពីមានការរិះគន់ និងផ្ទុះរឿងអាស្រូវនៃការកាប់បំផ្លាញព្រៃឈើនេះមក គេសង្កេតឃើញថា មន្ត្រីឧទ្យានុរក្សបានចាប់ផ្ដើមបង្កើនសកម្មភាពសស្រាក់សស្រាំ ក្នុងការចុះទប់ស្កាត់បទល្មើសតាមដងផ្លូវជាបន្តបន្ទាប់។
យ៉ាងណាមិញ មហាជនបានលើកឡើងថា ទោះបីកម្លាំងមន្ត្រីមានចំនួនតិចបើធៀបនឹងទំហំផ្ទៃដីព្រៃឈើដ៏ធំល្វឹងល្វើយក៏ដោយ ប៉ុន្តែការទប់ស្កាត់នឹងមិនមែនជាការលំបាកនោះទេ ប្រសិនបើមាន «ឆន្ទៈ» ក្នុងការបង្ក្រាបពិតប្រាកដ។
ប្រភពដដែលបានសង្កត់ធ្ងន់ថា ឈើដែលកាប់ចេញពីព្រៃមិនអាចបំបាំងកាយ ឬជ្រែកដីបានឡើយ គឺត្រូវដឹកជញ្ជូនតាមមធ្យោបាយដីគោកតាមច្រកផ្លូវសំខាន់ៗ ដូច្នេះការដាក់កម្លាំងយាមល្បាត និងស្ទាក់ចាប់តាមដងផ្លូវឱ្យបានតឹងរ៉ឹង គឺជាវិធានការដែលមានប្រសិទ្ធភាពបំផុតក្នុងការកាត់ផ្ដាច់សរសៃឈាមនៃបទល្មើសព្រៃឈើនេះ។
បច្ចុប្បន្ន រថយន្ត និងវត្ថុតាងឈើអារទាំងអស់ ត្រូវបានមន្ត្រីជំនាញនាំយកទៅរក្សាទុក ដើម្បីវាស់វែង និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ ដោយ៖ឡុង សំបូរ





































