សៀមរាប៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងមហាផ្ទៃសហការជាមួយរដ្ឋបាលខេត្ត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងសាលាខេត្តសៀមរាបដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនដល់
ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគបរទេស សំដៅរួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ឲ្យមានស្ថិរភាពល្អ ។ កិច្ចប្រជុំនេះក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង មានការអញ្ជើញចូលរួមពីលោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងអស់លោក លោកស្រី តំណាង មន្ទីរអង្គភាពជំនាញ កងកម្លាំងទាំងបី និង អាជ្ញាធរក្រុង ស្រុក ចូលរួមចំនួន ៧៥នាក់។
យោងតាមរបាយការណ៍របស់ លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានឲ្យដឹងដែរថា ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះធ្វើរដ្ឋបាលចំហ និង ផ្សព្វផ្សាយ អប់រំ ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងតាមដានជាប្រចាំ ព្រមទាំងបង្ការទប់ស្កាត់បានទាន់ពេលវេលានៅល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំងបទល្មើស Online Scams ផងដែរ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឯកភាពទៅលើលទ្ធផល និងរាល់ចំណុចដែលអភិបាលរងខេត្ត និង ស្នងការដ្ឋាននគរបាលខេត្ត និង មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ព្រមទាំងមានប្រសាសន៍ឡើងលើកថា៖ Online Scams គឺជាទម្រង់នៃការបោកបញ្ឆោតដែលប្រើប្រាស់ បណ្តាញអ៊ីនធឺណិត និងប្រើគ្រប់រូបភាព ដើម្បីទទួលបានប្រាក់ ព័ត៌មានផ្ទាល់ខ្លួន ឬទិន្នន័យសំខាន់ៗពីជនរងគ្រោះ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ និងធ្វើឲ្យវិស័យទេសចរណ៍ និងវិនិយោគិន ធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ។ ម៉្យាងទៀតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និង អ្នកវិនិយោគទុន ដោយខេត្តសៀមរាប ជាគោលដៅរបស់ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត និង អ្នកវិនិយោគ ចូលមកបណ្តាក់ទុនទៅលើគ្រប់វិស័យទៀតផង។ ផ្តើមចេញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនានា បានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scams ) ព្រមទាំងបានធ្វើឲ្យបទល្មើសនេះត្រូវបានកាត់បន្ថយ និងលុបបំបាត់ចេញពីក្នុងភូមិសាស្ត្រសំខាន់ៗជាច្រើន ដែលធ្វើឲ្យសន្តិសុខ ក្នុងសង្គមកម្ពុជាទាំងមូលមានភាពល្អប្រសើរ ។ ទោះបីទទួលបានលទ្ធផលយ៉ាងនេះក្តី ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ បានជម្រុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និង កងកម្លាំងទាំងបី សូមបន្តចូលរួមធ្វើការផ្សព្វផ្សាយឲ្យបានកាន់តែស៊ីជម្រៅទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ អំពីកលល្បិចការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង បន្តអនុវត្តឲ្យបានផុលផុសថែមទៀត ទៅតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅថ្មីៗ ឲ្យមានប្រសិទ្ធភាពខ្ពស់ សំខាន់លើការអប់រំប្រជាពលរដ្ឋ និង ស្រទាប់យុវជន និង ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនៅសេសសល់ និង អ្នកមានការពាក់ព័ន្ធ ដើមី្បយកមកធ្វើការផ្តន្ទាទោសតាមច្បាប់ ៕





































