សៀមរាប៖ ថ្លែងបើកកម្មវិធី “ទិវាធានារ៉ាប់រងកម្ពុជា ២០២៦” នៅសួនព្រះរាជដំណាក់ ខេត្តសៀមរាប នាថ្ងៃទី២៥ខែមេសាឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គ
បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានលើកឡើងពីសារៈសំខាន់នៃវិស័យធានារ៉ាប់រងក្នុងការទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម បានរួមចំណែកយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ព្រមទាំងលើកពីយុទ្ឋសាស្ត្រនិងទិសដៅការងារសំខាន់ៗ ក្នុងការជម្រុញទីផ្សារធានារ៉ាប់រងកម្ពុជាឲ្យកាន់តែរីកចម្រើននាពេលខាងមុខ។ឯកឧត្តម រស់ សីលវ៉ា មានប្រសាសន៍ថា៖បើប្រៀបធៀបប្រទេសក្នុងតំបន់ និងសកលលោក ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានទំហំតូច ដែលបង្ហាញនូវសក្តានុពលធំធេងសម្រាប់ការ អភិវឌ្ឍនាពេលខាងមុខ ក៏ដូចជារំលេចនូវចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន ។ឯកឧត្តម បានស្នើដល់និយ័តករធានារ៉ាប់រងកម្ពុជា គ្រឹះស្ថានធានារ៉ាប់រង និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តជម្រុញការអនុវត្តក្របខណ្ឌគោលនយោបាយ និង យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេស ជម្រុញការអនុវត្ត “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ហិរញ្ញវត្ថុ ២០២៥-២០៣០” និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០” ដែលត្រូវបានធ្វើបច្ចុប្បកម្មថ្មីៗនេះ ។
បន្តជម្រុញការលើកកម្ពស់អក្ខរកម្មធានារ៉ាប់រង តាមរយៈការបង្កើនការផ្សព្វផ្សាយ និងអប់រំសាធារណជន អំពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រង តាមគ្រប់រូបភាពនៅទូទាំងប្រទេស និងត្រូវយកចិត្តទុកដាក់ខ្ពស់លើកិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង តាមរយៈ ការពង្រឹងការអនុវត្តបទប្បញ្ញត្តិស្តីពីកិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង និង បទប្បញ្ញត្តិពាក់ព័ន្ឋ។ ជាពិសេសបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងត្រូវជំរុញការប្រើប្រាស់ និងបង្កើតប្រព័ន្ធបច្ចេកវិទ្យាធានារ៉ាប់រង (InsurTech) នៃ ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) សម្រាប់ជំរុញអាជីវកម្មធានារ៉ាប់រង ស្របតាម “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” និង “គោលនយោបាយរាជរដ្ឋាភិបាល ឌីជីថល ២០២២-២០៣៥” ។ ឯកឧត្តម រស់ សីលវ៉ា ក៏បានស្នើដល់ និយ័តករធានារ៉ាប់រងកម្ពុជា ត្រូវបន្តជម្រុញបង្កើត ប្រព័ន្ធបច្ចេកវិទ្យា រួមមាន ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់គ្រប់គ្រង (RegTech) និង ប្រព័ន្ធ បច្ចេកវិទ្យាសម្រាប់ត្រួតពិនិត្យ (SupTech) ដើម្បីធានាប្រសិទ្ធភាពនៃការ ធ្វើនិយ័តកម្មទីផ្សារធានារ៉ាប់រងកម្ពុជា។
លោក លី សារី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា៖វិស័យធានារ៉ាប់រងបានរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍសង្គម តាមរយៈការផ្តល់សេវាធានារ៉ាប់រងជូនដល់ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញនិងអ្នកដំណើរ ម្ចាស់ការដ្ឋានសាងសង់ សហគ្រាស សិប្បកម្ម និងរោងចក្រ ដែលប្រកបអាជីវកម្មក្នុងមូលដ្ឋានខេត្ត ។ ក្នុងឆ្នាំ២០២៦នេះ យើងសង្កេតឃើញថា ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃ “ការការពារហានិភ័យ” មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាសញ្ញាវិជ្ជមាននៃស្ថិរភាពសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។ ជោគជ័យនៃវិស័យធានារ៉ាប់រង គឺអាស្រ័យលើការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
សូមជំរាបថា៖និយ័តករធានារ៉ាប់រងកម្ពុជា ក្រោមកិច្ចសហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា សមាគមជើងសាធានារ៉ាប់រងកម្ពុជា និងគ្រឹះស្ថានធានារ៉ាប់រង បានរៀបចំ “ទិវាធានារ៉ាប់រងកម្ពុជា ២០២៦” រយៈពេល ២ថ្ងៃ ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នៅខេត្តសៀមរាប ក្នុងគោលបំណង ទី១. លើកកម្ពស់ការយល់ដឹងនិងជម្រុញការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន ទី២. បង្ហាញពីការគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការជម្រុញឲ្យមានពិពិធកម្មផលិតផលហិរញ្ញវត្ថុ នៅក្នុងវិស័យហិរញ្ញវត្ថុ ដូចមានចែងនៅក្នុង យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និង ទី៣. បង្ហាញដល់សាធារណជន ជ្រាបថាវិស័យនេះជាវិស័យដ៏សំខាន់មួយដែលមានតួនាទីយ៉ាងសកម្ម និង ចាំបាច់ក្នុងការចូលរួមចំណែក កសាងសំណាញ់សុវត្ថិភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ថ្លែងនៅក្នុងសន្និសីទកាសែត ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានរំលេចថា៖វិស័យ ធានារ៉ាប់រងដែលជាសសរស្តំមួយនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ បាននិងកំពុងរីកចម្រើនក្នុងសន្ទុះមួយដ៏ខ្លាំងក្លា គួឲ្យកត់សម្គាល់ដោយរក្សាបាននូវកំណើនវិជ្ជមានជាមធ្យមប្រមាណ ៦% ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ។ ឯកឧត្តម មានប្រសាសន៍ថា៖វិស័យធានារ៉ាប់រងនៅកម្ពុជាមានកង្វះប្រាំយ៉ាងដែលត្រូវដោះស្រាយចំពោះមុខដូចជា (១)កង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង (២)កង្វះជំនឿទុកចិត្តរបស់អតិថិជនលើសេវារបស់ក្រុមហ៊ុនធានារ៉ាប់រង (៣)កង្វះការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងទីផ្សារធានារ៉ាប់រង (៤)កង្វះមូលធនមនុស្សសម្រាប់បម្រើក្នុងវិស័យធានារ៉ាប់រង រួមទាំង ជំនាញបច្ចេកវិទ្យាធានារ៉ាប់រងនិង (៥)កង្វះស្មារតីចូលរួមសហការរបស់ស្ថាប័នមានសមត្ថិកិច្ចក្នុងការជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចដែលបានកំណត់ដោយច្បាប់ស្តីពីការធានារ៉ាប់រង៕






































