ដោយ៖ឡុង សំបូរ
ខេត្តមណ្ឌលគិរី-ស្ទឹងត្រែង៖ គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកជាស្ថាពរលើលទ្ធផលការងារស្ថាបនាផ្លូវ និងសំណង់សិល្បការ្យចំនួន ២គម្រោងធំៗ ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង បន្ទាប់ពីការត្រួតពិនិត្យយ៉ាងល្អិតល្អន់ឃើញថា សំណង់ទាំងនោះមានគុណភាពរឹងមាំ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
សកម្មភាពចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
យោងតាមរបាយការណ៍បច្ចេកទេស គម្រោងយុទ្ធសាស្ត្រទាំង ២ ដែលត្រូវបានវាយតម្លៃបញ្ចប់សុពលភាពនាពេលនេះ រួមមាន៖ ១. គម្រោងភ្ជាប់ខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តមណ្ឌលគិរី៖
ជាការងារស្ថាបនាស្ពានបេតុង ១កន្លែង ប្រវែង ៤៥ម៉ែត្រ និងសំណង់លូចម្រុះចំនួន ១៥កន្លែង (លូប្រអប់ និងលូមូល)។ ខ្សែផ្លូវនេះមានសារៈសំខាន់ខ្លាំងក្នុងការតភ្ជាប់ពីផ្លូវជាតិលេខ៧៦ ត្រង់ចំណុចអូរហ៊ុច ឆ្ពោះទៅកាន់តំបន់ក្រវាត់ព្រំដែន ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
២.គម្រោងខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង៖ ស្ថិតក្នុងស្រុកសៀមប៉ាង (ច្រកដុងក្រឡ) អនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ គម្រោងនេះរួមមាន៖
ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំ ប្រវែង ៥ ២០០ម៉ែត្រ និងទទឹង ៨ម៉ែត្រ។
ស្ថាបនាស្ពានបេតុងចំនួន ៤កន្លែង ដែលមានប្រវែងសរុប ១៥៣ម៉ែត្រ។
សំណង់ស្ទាក់ទឹក ១កន្លែង និងប្រព័ន្ធលូចម្រុះសរុបចំនួន ១១៦កន្លែង។
ក្រោយពីបានចុះពិនិត្យដោយផ្ទាល់លើទីតាំងសំណង់ និងឆ្លងកាត់ការប្រជុំពិភាក្សាជាមួយភាគីអ្នកទទួលការ ក៏ដូចជាអ្នកបច្ចេកទេសរួចមក គណៈកម្មការអន្តរក្រសួងបានវាយតម្លៃថា រាល់ការងារស្ថាបនាទាំងអស់ គឺរក្សាបាននូវគុណភាពរឹងមាំ សោភ័ណភាពល្អ និងសម្រេចបានតាមផែនការដែលបានកំណត់។
សមិទ្ធផលថ្មីសន្លាងទាំងនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសរសៃឈាមសេដ្ឋកិច្ច និងយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការបម្រើឱ្យកិច្ចការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែក្រវាត់ព្រំដែន នៃប្រទេសកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងមានការអភិវឌ្ឍជាលំដាប់៕






































