ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យសកម្មភាព និងពង្រឹងភារកិច្ច កងកម្លាំងចម្រុះ ក្នុងភារកិច្ចការពារតំបន់អភិរក្សពូជត្រី នៅបឹងទន្លេឆ្មារ និងនៅតំបន់បាឡត។ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការស្រាល បង្ក្រាបបទល្មើសនេសាទ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោក ហួន ផល នាយផ្នែករដ្ឋបាលជលផលប្រចាំឃុំពាមបាង ស្រុកស្ទោង និងលោកអនុសេនីយ៍ឯក លុយសុភាព នាយទាហានរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទនៅឃុំពាមបាង បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅ និងលទ្ធផលនៃការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង ក្នុងរយៈពេលកន្លងទៅ ដោយបញ្ជាក់ថា បទល្មើសនេសាទមានការថយចុះ ប្រមាណ ៧០ ទៅ ៨០ % ហេីយផលត្រីនៅឆ្នាំនេះសំបូរជាងបណ្តាឆ្នាំកន្លងទៅ ។ ជាមួយនេះដែរ ក៍បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ដូចជា ភូមិសាស្ត្រធំទូលាយ ប្រជាជនរស់នៅជាប់តំបន់អភិរក្ស ហើយកងកម្លាំងមានគ្នាតិច មធ្យោបាយបង្ក្រាបបទល្មើសមានល្បឿនយឺតជាងមធ្យោបាយរបស់ជនល្មើស ។ ហេីយក៍បានគូសបញ្ជាក់ផងដែរ អំពីវិធានការមួយចំនួន ក្នុងការការពារតំបន់អភិរក្សបឹងទន្លេឆ្មារ និងតំបន់អភិរក្សបាឡត ដែលជាកន្លែងរក្សាទុកពូជត្រី និងធនធានមច្ឆជាតិផ្សេងទៀត ឱ្យនៅគង់វង់ សម្រាប់ពងកូន នៅរដូវវស្សាខាងមុខនេះ ។
លោកទូច សុខា ប្រធានក្រុមប្រឹក្សាឃុំពាមបាង ស្រុកស្ទោង បានឡើងរាយកាណ៍អំពីទុក្ខកង្វល់មួយចំនួន របស់ប្រជាជន ដែលខ្វះមុខរបរប្រចាំថ្ងៃ ហើយបានប្រព្រឹត្តបទល្មេីសនេសាទខុសច្បាប់ ដែលត្រូវប្រឈមមុខជាមួយ កម្លាំងចម្រុះក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ហើយ និងបានសណូមពរសុំឲ្យកងកម្លាំងចម្រុះមានការបន្ឋូបន្ថយខ្លះ តាមដែលអាចធ្វើទៅបាន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់ ពិសេសក្នុងរដូវបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ពិសេសការពារតំបន់អភិរក្សធនធានមច្ឆជាតិ ទុកឱ្យត្រីពងកូននៅក្នុងរដូវវស្សាខាងមុខ សម្រាប់បម្រើសេចក្តីត្រូវការរបស់សង្គមជាតិ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវសាមគ្គីសហការគ្នាឲ្យបានល្អ ក្នុងការអនុវត្តនូវបទបញ្ជារបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងការបង្ក្រាបឲ្យបានដាច់ខាតនូវឧបករណ៍នេសាទខុសច្បាប់ ស្ដីពីជលផល ហើយនឹងត្រូវចាត់វិធានការ ក្នុងការប្រើប្រាស់កម្លាំង និងមធ្យោបាយសមស្រប ដើម្បីការពារឲ្យបានតំបន់អភិរក្សធនធានមច្ឆជាតិ នៅក្នុងតំបន់បឹងទន្លេឆ្មារ និងនៅតំបន់បាឡត ។ ជាមួយនោះដែរ ត្រូវសហការជាមួយអាជ្ញាធរដែនដី ក្នុងការអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋ អំពីច្បាប់ស្ដីពីជលផលថ្មី ដើម្បីឲ្យគាត់បានជ្រួតជ្រាប នឹងត្រូវចូលរួមអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនទីបញ្ជាការស្រាល នូវប្រេងឥន្ធនៈមួយចំនួន សម្រាប់បម្រើសេចក្តីត្រូវការ ក្នុងការធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់បន្តទៀតឲ្យមានប្រសិទ្ធភាព និងបានត្រួតពិនិត្យភូមិសាស្ត្រក្នុងតំបន់បឹងទន្លេឆ្មារ និងនៅក្នុងតំបន់អភិរក្សបាឡតក្នុងលំហបឹងទន្លេសាប ផងដែរ ។






































