ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ សកម្មភាពទន្ទ្រានយកដីព្រៃរដ្ឋក្នុងខេត្តព្រះវិហារ បាននិងកំពុងបង្កជាក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីមានករណីក្រុមជនខិលខូចលួចឈូសឆាយដីក្នុងតំបន់អភិរក្ស ហើយថែមទាំងហ៊ានប្រមូលផ្តុំគ្នាបង្កភាពអនាធិបតេយ្យ ដើម្បីរំដោះយកវត្ថុតាង និងជនសង្ស័យចេញពីកណ្តាប់ដៃមន្ត្រីស្នាក់ការឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប។
យោងតាមរបាយការណ៍ពីក្រុមការងារល្បាតព្រៃនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា នៅវេលាម៉ោង ១២:១៥ នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារបានចុះបង្ក្រាបជាក់ស្តែង នូវសកម្មភាពឈូសឆាយទន្ទ្រានដីព្រៃទំហំ ១ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។
ក្នុងប្រតិបត្តិការនោះ ក្រុមការងារឧទ្យានជាតិបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ រ៉ុន រាន រស់នៅភូមិដងផ្លិត រួមជាមួយវត្ថុតាងត្រាក់ទ័រ ១ គ្រឿងផងដែរ។
យ៉ាងណាមិញ ភាពតានតឹងបានកើតឡើងនៅវេលាម៉ោងជាង ១ រសៀលថ្ងៃដដែល ខណៈដែលកម្លាំងជំនាញកំពុងរៀបចំនីតិវិធី បែរជាមានក្រុមប្រជាជនជាង ១០០ នាក់ បានលើកគ្នាសម្រុកទៅរំដោះយកជនសង្ស័យ និងត្រាក់ទ័រចេញពីទីស្នាក់ការឧទ្យានជាតិទៅបាត់ដោយមិនរង់ចាំការដោះស្រាយតាមច្បាប់។
ទង្វើនេះត្រូវបានគេមើលឃើញថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ ក្រមបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសគឺជាការតបតនឹងច្បាប់ដោយហិង្សាក្នុងរូបភាពអនាធិបតេយ្យ។
មហាជនកំពុងរង់ចាំមើលចំណាត់ការពីសំណាក់ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្នុងការចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីវែកមុខរកអ្នកនៅពីក្រោយខ្នង និងការពារសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃនេះ។
សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដែលមានផ្ទៃដី ១១,៤៣៥ ហិកតា។ ទីនេះមិនត្រឹមតែជាជម្រកនៃជីវៈចម្រុះ និងដើមឈើកម្រដូចជា បេង ធ្នង់ នាងនួន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ថានីយបុរាណវិទ្យាដ៏សំខាន់ ដែលផ្ទុកទៅដោយឡស្លដែកបុរាណជាង ៥០ កន្លែង និងបេតិកភណ្ឌវប្បធម៌ជាច្រើនទៀត។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានខិតខំយ៉ាងខ្លាំងក្នុងការស្តារគម្របព្រៃឈើ និងជីកប្រឡាយការពារភ្លើងឆេះព្រៃ ប៉ុន្តែសកម្មភាពទន្ទ្រានដីពីសំណាក់ជនខិលខូចនៅតែជាបញ្ហាប្រឈមធំ ដែលទាមទារឱ្យមានការអន្តរាគមន៍ជាបន្ទាន់ពីអាជ្ញាធរដែនដី៕






































