បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ យោធភូមិភាគ​ទី​៤​ បេីកចែកអាវ​ភ្លៀង​ អំណោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជូន​យោធិនក្រោមឱវាទ​

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការបើកចែកអាវភ្លៀង អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា​អគ្គភស្តុភារ​ជាន់​ខ្ពស់​នៃកងកម្លាំង​ប្រដាប់​អាវុធ​ជាតិ​កម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រម​ទាំង​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់យោធិនចំណុះអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធជាតិកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលសម្ដេច និង​លោកជំទាវ បានយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់ជីវភាពរស់នៅរបស់កងយោធពលខេមរភូមិន្ទ ជាក់ស្តែងពេលរដូវភ្លៀង សម្ដេចលោកបានផ្តល់អាវភ្លៀង ពេលរដូវរងា សម្ដេចលោកបានផ្តល់អាវរងាជូនយោធិនគ្រប់រូបសម្រាប់ប្រើប្រាស់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួន ស្ដីពីស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលកំពុងមានការតានតឹង រវាងអ៉ីស្រាអែល សហរដ្ឋអាមេរិក និងប្រទេសអ៉ីរ៉ង់ និងការពាក់ព័ន្ធបញ្ហាការឆ្លងកាត់ និងការបិទខ្ទប់ច្រកសមុទ្រ ហ័ម៉ូស ដែលមានការពាក់ព័ន្ធដល់វិបត្តិនៃការប្រើប្រាស់ប្រេងឥន្ធនៈ នៅលើពិភពលោក និងនៅអាស៊ីអាគ្នេយ៍យើង ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់អំពីសភាពការណ៍ថ្មីៗ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ  ដែលនៅពេលថ្មីៗនេះ ពួកចោរសៀមឈ្លានពាន បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅបណ្ដាតំបន់មួយចំនួន ដែលពួកវាឈ្លានពានកាន់កាប់ដោយខុសច្បាប់ មកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅ។  

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច និងផែនការមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប ត្រូវយកចិត្តទុកដាក់៖ ទីមួយ ត្រៀមខ្លួនជានិច្ច អនុវត្តតាមបទបញ្ជាក្នុងភារកិច្ចការពារបូរណភាពទឹកដី ។ ទីពីរ ត្រូវចូលរួមយ៉ាងសកម្ម ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព ។ នឹងទីបី ត្រូវគ្រប់គ្រងកងកម្លាំង គ្រឿងបំពាក់ មធ្យោបាយគ្រប់គ្រាន់ និងការពង្រឹងវិន័យយោធិន ស្របតាមលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ គឺត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ។ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់ តាមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

នាយ​ទាហាន​ នាយ​ទាហាន​រង ​និង​ពលទាហាន​នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បានប្តេជ្ញា​ចិត្ត​ដាច់ខាត​ គោរព​ប្រតិបត្តិយ៉ាងមុឺងម៉ាត់​ និង​អនុវត្តន៍​​តាម​បទ​បញ្ជា​របស់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ នៃ​កងយោធពលខេមរភូមិន្ទ​ និង​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ឲ្យ​មាន​ប្រសិទ្ធភាព​ និង​ឲ្យ​ទទួល​បាន​ជោគជ័យ​តាម​ភារកិច្ច​ដែល​ថ្នាក់​ដឹកនាំ​បាន​ប្រគល់​ជូន​