សៀមរាប: ឯកឧត្តម តាន់ ថាណា រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយលើ ខេត្តសៀមរាប បានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានទាន់ពេលវេលា គឺជាកត្តាសំខាន់បំផុតក្នុងការកសាង និងបង្កើនជំនឿទុកចិត្តរបស់សាធារណជនមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងដាក់ចេញទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយលើ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម តាន់ ថាណា បានជំរុញដល់សមាជិកសមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាល មេឃុំនីមួយៗ ត្រូវស្រង់នូវបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈក្ដី តាមរយៈដោយផ្ទាល់ក្ដី ដើម្បីយកមកធ្វើការពិនិត្យ និងពិភាក្សា ដើម្បីដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា។ ជាមួយនោះ សម្រាប់របាយការណ៍ប្រចាំត្រីមាសទី១នេះ ឯកឧត្តមសូមវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលដែលបានខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ចទៅតាមវិស័យនីមួយៗក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានជាបន្តបន្ទាប់។
លោក អៀង ពិសិដ្ឋ អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក បានឲ្យដឹងថា សម្រាប់ត្រីមាសទី១ ក្រុមការងារបានយកចិត្តទុកដាក់លើការជំរុញការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនដល់ប្រជាពលរដ្ឋដែលមិនមានលទ្ធភាព ដើម្បីឲ្យពួកគាត់បានទទួលចំណេះ ជំនាញក្នុងការប្រកបរបរចិញ្ចឹមជីវិត ស្របតាមយុទ្ធសាស្ត្រ និងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញនិងបង្កើនការងារជូនប្រជាពលរដ្ឋ ជំរុញការចូលរួមអនុវត្តកម្មវិធីជំនួយសង្គមផ្សេងៗ ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងកម្មវិធីជាតិផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។លោក អៀង ពិសិដ្ឋ បន្តថា ក្រុមការងារក៏បានយកចិត្តទុកដាក់ជួយគាំទ្រដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ ដើម្បីអន្តរាគមន៍ឱ្យទាន់ពេលវេលាក្នុងការទិញកសិផលពីកសិករ ជាពិសេសលើផលិតផលកសិកម្មមួយចំនួនជាអាទិ៍ដូចជា៖ ស្រូវ ស្វាយចន្ទី ដំឡូងមី និងផលិតផលកសិផលផ្សេងៗទៀត តាមការចាំបាច់ស្របតាមគោលនយោបាយជាតិ។ ជាពិសេស អនុវត្តតាមការណែនាំរបស់ថ្នាក់ជាតិ ក្នុងការចូលរួមជំរុញ និងចាត់បញ្ជូនមន្ត្រីបច្ចេកទេសកសិកម្ម ចុះជួយដល់មូលដ្ឋានប្រជាពលរដ្ឋផ្ទាល់ ដើម្បីលើកកម្ពស់ការយល់ដឹងជំនាញកសិកម្ម។ ជាមួយគ្នានេះ ក្រុមការងារនឹងបន្តចុះធ្វើការវេទិកាសាធារណៈជាបន្តបន្ទាប់ តាមពេលវេលាកំណត់ ដើម្បីប្រមូលយកបញ្ហាផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ យកមកដោះស្រាយឲ្យបានទាន់ពេលវេលា៕






































