(ឧត្តរមានជ័យ)៖ ការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្ថានភាពលំបាក គឺជាបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម នៅថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នេះ
ដោយមានការចាត់តាំងពី លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង, លោកស្រី ហេង សុជាតិ លោក ឱក សាម៉េត អភិបាលរងក្រុងសំរោង បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងដំណើរចុះសិក្សារបស់ក្រុមការងារទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ។
បេសកកម្មនេះរៀបចំឡើងក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ន ដោយផ្ដោតសំខាន់លើ៖
១. វិស័យសុខភាព និងអនាម័យ៖ វាយតម្លៃស្ថានភាពជាក់ស្ដែងនៃការរស់នៅ ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ។
២. ទឹកស្អាត និងបរិស្ថាន៖ ពិនិត្យលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត និងការរៀបចំបរិស្ថានជុំវិញជម្រកឱ្យមានសុវត្ថិភាព។
៣. ការឆ្លើយតបទាន់ពេលវេលា៖ ស្វែងរកតម្រូវការអាទិភាព ដើម្បីដាក់ចេញវិធានការគាំទ្រមនុស្សធម៌ និងសម្រាលទុក្ខលំបាករបស់បងប្អូនឱ្យមានប្រសិទ្ធភាពបំផុត។
កម្មវិធីនេះមានការចូលរួមពីតំណាងកាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាល មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប ប្រកបដោយស្មារតីសហការខ្ពស់។
រដ្ឋបាលក្រុងសំរោង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលតែងតែផ្ដល់ក្ដីមេត្តាករុណា និងការគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះនៅគ្រប់ទិសទី ដោយមិនទុកឱ្យនរណាម្នាក់រងគ្រោះដោយមិនបានដឹងឮនោះឡើយ៕ដោយ៖ភ្នំដងរ៉ែក





































