បន្ទាយ មានជ័យ ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ខេត្ត ស្តីពីការផ្សព្វផ្សាយជំរុញឲ្យមានការប្រេីប្រាស់ស្រោមអនាម័យក្នុងខេត្តបន្ទាយមានជ័យ ឱ្យបាន១០០ភាគរយ ដែលពិធីនេះបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អមដំណើរចូលរួមដោយ
ប្រតិភូអន្តរក្រសួង និង ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំង លោក-លោកស្រី អ្នកពាក់ព័ន្ធជាច្រើនរូប នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៦។
ក្នុងនោះដែរឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណ ចំពោះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាពិសេសឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានរៀបចំកិច្ចប្រជុំ នេះដេីម្បីជាធាតុចូលបន្ថែមទៀត ក្នុងការរួមគ្នាដើម្បីផ្សព្វផ្សាយ និងប្រយុទ្ធប្រឆាំងជំងឺអេដស៍ទូទាំងប្រទេស ក៏ដូចជាសម្រាប់ខេត្តបន្ទាយមានជ័យទាំងមូលផងដែរ។
ឯកឧត្ដម អភិបាល ខេត្ត បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការបង្ការ-គ្រប់គ្រងជំងឺឆ្លងដែលផ្តោតលើការងារអេដស៍ និងកាមរោគនោះបានបង្ហាញឱ្យឃើញថា អត្រាការឆ្លងមេរោគអេដស៍នៅប្រទេសកម្ពុជាមាន០,៥ភាគរយ ហើយការប៉ាន់ប្រមាណអ្នកផ្ទុកមេរោគអេដស៍នៅក្នុងខេត្តបន្ទាយមានជ័យ មានប្រមាណ៤.៨៧៣នាក់នៅឆ្នាំ២០២២នេះ។
ឯកឧត្ដម បន្តថា ក្រុមដែលប្រឈមមុខខ្ពស់ រួមមាន៖ ស្រ្តីបំរើសេវាកំសាន្ត ក្រុមបុរសស្រឡាញ់បុរស ក្រុមបំលែងភេទ ដែលគ្រប់គ្រងដោយអង្គការរ៉ាក់ (RHAC) មានការអប់រំផ្តល់ប្រឹក្សានិងធ្វើតេស្តឈាម និងបញ្ជូនចូលសេវាព្យាបាលបានទាន់ពេលវេលាក្នុងករណីមានផ្ទុកមេរោគអេដស៍និងជំងឺស្វាយ។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងការអរគុណចំពោះតួអង្គពាក់ព័ន្ធ ទាំងអស់ដែលបានរួមចំណែកផ្សព្វផ្សាយ និងវិធានការពារជំងឺអេដស៍ដល់ក្រុមដែលប្រឈមមុខខ្ពស់ រួមមាន ស្រ្តីបំរើសេវាកំសាន្ត ក្រុមបុរសស្រឡាញ់បុរស ក្រុមបំលែងភេទ ជាដេីម។ឯកឧត្ដម ជំរុញណែនាំដល់ខេត្តបន្ទាយមានជ័យ ក៏ដូចជាខេត្តរាជ-ធានីខេត្តទាំងអស់ ត្រូវពង្រឹងលេីការងារពហុវិស័យ ដោយត្រូវចាប់ផ្តេីមពីអាជ្ញាធរខេត្ត រហូតទៅដល់ឃុំ-សង្កាត់ ដែលមានប្រជាជន រស់នៅ ពិសេសអ្នកផ្ទុកមេរោគអេដស៍ ដេីម្បីធ្វេីការអប់រំណែនាំពួកគាត់។ ត្រូវអប់រំផ្សព្វផ្សាយការបង្ការការចម្លងមេរោគអេដស៍ និងកាមរោគ (ដោយការប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ១០០ភាគរយ) សហការជិតស្និទ្ធជាមួយក្រុមការងារ អាជ្ញាធរ អង្គការដៃគូពាក់ព័ន្ធ និងសម្របសម្រួល ដោះស្រាយរាល់ឧបសគ្គផ្សេងៗ ជំរុញលើកទឹកចិត្តការធ្វើតេស្តឈាមដោយជោះចុងម្រាមដៃ និងការធ្វើតេស្តដោយខ្លួនឯងជាដេីម៕ដោយ៖ឃិន គន្ធា






































