សៀមរាប: រដ្ឋបាលស្រុកអង្គរធំ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកប្រចាំត្រីមាសទី១ និងដាក់ចេញទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន វុធ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធ។នៅថ្ងៃ ទី២៨ ខែមេសា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះក៏មានការប្រកាសតែងតាំង ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ក់ សីហា ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប យោងតាមសេចក្តីសម្រេចលេខ ០០១/២០២៦ ស.ស.រ ករ.សរ. ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន វុធ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០២៦ លើគ្រប់វិស័យ ជាពិសេសការងារមនុស្សធម៌ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន វុធ ក៏បានណែនាំដល់មន្ត្រីទាំងអស់ឲ្យបន្តថែរក្សាសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងយន្តការដោះស្រាយរាល់សំណូមពរ កង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈឱ្យបានដល់ខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន។ បន្តសកម្មភាពមនុស្សធម៌ ជួយសង្គ្រោះជនងាយរងគ្រោះ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន ឯកឧត្ដមក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាប្រឈមថ្មីៗ ពាក់ព័ន្ធនឹងសន្តិសុខឌីជីថល ដែលកំពុងប៉ះពាល់ដល់ជីវភាព និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន វុធ ក៏បានមានសង្កត់ធ្ងន់និង ការប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដោយមន្ត្រីអនុវត្តន៍ច្បាប់ត្រូវចុះអប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ-ឃុំ ឲ្យយល់ដឹងពីល្បិចកលរបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា (ដូចជាការផ្ញើសារឈ្នះរង្វាន់ កម្ចីប្រាក់អនឡាញងាយៗ ឬការអូសទាញឲ្យវិនិយោគដែលមានការប្រាក់ខ្ពស់ខុសធម្មតា)។ណែនាំពលរដ្ឋឱ្យចេះការពារព័ត៌មានផ្ទាល់ខ្លួន (លេខសម្ងាត់ ឬកូដផ្សេងៗ) និង កុំឲ្យជឿលើប្រភពព័ត៌មានដែលគ្មានប្រភពច្បាស់លាស់តាមប្រព័ន្ធអ៊ីនធឺណិត ។ ឯកឧត្ដមក៏បានជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល តាមដាន និងរាយការណ៍ជាបន្ទាន់នូវរាល់សកម្មភាពសង្ស័យដែលពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ដើម្បីចាត់វិធានការច្បាប់ឲ្យទាន់ពេលវេលានិង បន្តរឹតបន្តឹងការគ្រប់គ្រង និងតាមដានវត្តមានជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋាន ដើម្បីបង្ការកុំឲ្យមានការប្រើប្រាស់ទីតាំងក្នុងស្រុកអង្គរធំ ជាកន្លែងប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា ឬបង្ខាំងមនុស្សដោយខុសច្បាប់ ។ ម៉្យាងទៀតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ដែលបានបង្កើតឡើងនេះ គឺជាផ្នែកមួយតំណាងឲ្យរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិត និងដោះស្រាយបញ្ហា ក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានការរីកចម្រើន ។ ឯកឧត្តម ឃុន វុធ បានកោតសរសើរក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ នៃស្រុកអង្គរធំ ដែលរួមសហការសាមគ្គីគ្នាខិតខំប្រឹងប្រែងបំពេញរាល់កិច្ចការងារប្រៀបបានទៅនឹងយុទ្ធសាស្រ្តខ្យងបណ្តាក់គ្នា មានន័យថា ក្រុមការងារបានធ្វើជាប្រចាំ ដើម្បីក្តាប់បញ្ហា និងដោះស្រាយបញ្ហាជូនដល់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ឯកឧត្តម ប្រធាន បានធ្វើការណែនាំបន្ថែម ដល់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវពង្រឹងការផ្តល់នូវសេវាតម្រូវការនានាជូនប្រជាពលរដ្ឋ ឲ្យរហ័សប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់បំផុតនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ កត្តាសំខាន់ លើការអនុវត្តឲ្យខាងតែបាន នូវគោលនយោបាយ ភូមិ ឃុំសង្កាត់មានសុវត្ថិភាព ដើមី្បភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ៕






































