លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត

0

សៀមរាប: លោកស្រី សោរ ប៊ុនណារី និងប្ដីបានលើកឡើងថាខ្លួនជាកូនបង្កើតរបស់ លោកឪពុកឈ្មោះ ចៅ យ៊ាំង និងអ្នកម្ដាយ យិត ឡាង បានឈ្នះក្ដីពីសាលាដំបូងរហូតដល់តុលាការកំពូល អស់ ១២ឆ្នាំហើយ តែមិនបានទទួលដី និងផ្ទះ ដើម្បីកាន់កាប់តាមអំណាចរបស់តុលាការកំពូលឡើង ដោយសារតែ

កូនបំណុលឈ្មោះ សុច ច្រឹង និងប្រពន្ធឈ្មោះ ចៅ យុគចាន់ ដែលឪពុុកម្ដាយខ្លួនយកមកនៅជាមួយ បង្រៀនអោយចេះរកស៊ី ចែកមុខរបរ និងចែកដីស្រែអោយ ហើយក៏មានដីលំនៅដ្ឋានផ្ទាល់ខ្លួនទៀត លោភលន់ចង់បានដីផ្ទះកេរឪពុកម្ដាយរបស់ម្ចាស់បំណុលទៀត ទោះជាចាញ់ក្ដីនៅតុលាការគ្រប់ថ្នាក់ មានការសម្របសម្រួល ពីអយ្យការអមសាលាដំបូងខេត្តសៀមរាប អង្គភាពអាជ្ញាសាលា រដ្ឋបាលសាលាខេត្ត គណៈកម្មការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ ដ ក) និងក្រសួងយុត្តិធម៌ ជាច្រើនលើក ច្រើនសារក៏ដោយ ក៏ឈ្មោះ សុច ច្រឹង និងប្រពន្ធ ឈ្មោះ ចៅ យុគចាន់ មិនព្រមទទួលសេចក្ដីសម្រេចរបស់តុលាការកំពូល និងការសម្របសម្រួលដែរ នេះក៏ព្រោះ កូនបំណុលនេះ មាន លោក ទេស សារ៉ារិទ្ធ ហៅ ស រិទ្ធ ជាអ្នកកាសែតជើងចាស់ និងមាន លោក ឆាយ យ៉ានាថ ជាអ្នកកាសែត ដ៏ល្បី (កូនប្រុស ស រិទ្ធ) ជាអ្នករៀបចំការងារ ផែនការនានា ដើម្បីធ្វើការតវ៉ា នឹងការអនុវត្តនេះ។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប អាជ្ញាសាលានៃអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តសៀមរាប បានធ្វើការអនុវត្តដោយបង្ខំ “ឱ្យសហចុងចម្លើយរុះរើឥវ៉ាន់ និងចាកចេញពីផ្ទះ និងដី ដែលមានទំហំ ទទឹង១៣ម៉ែត្រ គុណនឹង៥៥ម៉ែត្រ មានព្រំប្រទល់ខាងជើងជាប់នឹងឈ្មោះ ប៉ោ វង ខាងត្បូងជាប់នឹងផ្លូវ ខាងកើតទល់នឹងផ្លូវជាតិលេខ៦៤ ខាងលិចជាប់នឹងឈ្មោះ សេង យ៉ង់ ដែលមានទីតាំងស្ថិតនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប” តាមខ្លឹមសារនៃសាលដីកាលេខៈ ១០៦ “ជ” ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ របស់ តុលាការកំពូល, សាលដីការដ្ឋប្បវេណីលេខ ០៨ “ក្រ.V.ច” ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ របស់ សាលាឧទ្ធរណ៍ និងសាលក្រមលេខៈ ៣១ “ណ” ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ របស់សាលាដំបូង ខេត្តសៀមរាប ដែលមានម្ចាស់បំណុលនៃការអនុវត្តឈ្មោះ សោរ ប៊ុនណារី ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ និងប្ដីឈ្មោះ យិត ខាវ និងកូនបំណុលនៃការអនុវត្តឈ្មោះ សុច ច្រឹង ភេទប្រុស កើតឆ្នាំ១៩៧៥ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ចៅ យុគចាន់ ហៅ សាម ចាន់ ភេទស្រី កើតឆ្នាំ១៩៨០ ជនជាតិខ្មែរ ។

លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះយោនខាវ សំណូមពរអោយស្ថាប័នអនុវត្តមេត្តាជួយរកយុត្តិធម៌អោយខ្លួនផង ព្រោះតាំពីដាក់ពាក្យបណ្ដឹង ២០១៤ ដល់បច្ចុប្បន្ន មានរយៈពេល ១២ ឆ្នាំមកហើយ ។

សូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់កុំជឿពាក្យ កុហក បោកប្រាស់ របស់ ឈ្មោះ សុច ច្រឹង និង ឈ្មោះ ចៅ យុគចាន់ ដែលលោភលន់ និងមានអ្នកកាសែតល្បីឈ្មោះ នៅពីក្រោយខ្នង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន ។