សៀមរាប អគារផ្តល់សេវាមណ្ឌលសុខភាពគោកចកស្ថិតក្នុងសង្កាត់គោកចកក្រុងសៀមរាបដែលកសាងឡើងក្រោមកាឧបត្ថម្ភគាំទ្រពីអាជ្ញាធរសង្កាត់គោកចក ព្រះសង្ឃ សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវបានរៀបចំពិធីបុណ្យឆ្លង និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៦ ខែ
ឧសភា ឆ្នាំ២០២៦នេះក្រោមវត្តមាននិមន្តចូលរួមពី ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុងសៀមរាប លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង អាជ្ញាធរសង្កាត់គោកចក រួមនិងបងប្អូនសប្បុរសជនចូលរួមផងដែរ ។
លោកស្រី ភាសំបូ លីណា ប្រធានមណ្ឌលសុខភាពគោកចក បានមានប្រសាសន៍ឲ្យដឹងថា អគារផ្តល់សេវាមណ្ឌលសុខភាពដែលទើបសាងសង់ថ្មីនេះគឺមានទំហំបណ្តោយ ១៥ម៉ែត្រ ទទឺង៥.៥ម៉ែត្រ កម្ពស់១ជាន់ដោយបានចំណាយថវិកាសាងសង់អស់ចំនួនជាង៣ម៉ឺនដុល្លារខ្វះថ្លៃសាងសង់ចំនួន១៨,០០០ដុល្លារទៀត ។ លោកស្រីបន្តថាអគារនេះកសាងឡើងគឺដើម្បីផ្តល់ផលប្រយោជន៍ជួយឲ្យបងប្អូនប្រជាពលរដ្ឋទទទួលបានសេវាព្យាបាល សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋមិនបាច់ធ្វើដំណើរឆ្ងាយទៅកាន់មន្ទីរពេទ្យបង្អែកខេត្តឡើយ សម្រាប់ជំងឺទូទៅ ដែលជួយសន្សំសំចៃទាំងពេលវេលា និងថវិកាធ្វើដំណើរ។ ដោយក្នុងសេវាសង្គ្រោះបន្ទាន់កម្រិតដំបូងគឺអាចជួយពិនិត្យ និងផ្តល់ការសង្គ្រោះបឋមភ្លាមៗ មុននឹងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យធំក្នុងករណីធ្ងន់ធ្ងរ។ លោកស្រី ភាសំបូ លីណា ប្រធានមណ្ឌលសុខភាពគោកចក បានបន្ថែមថា នៅក្នុងមណ្ឌលសុខភាពគោកចកគឹមានការផ្តល់សេវាពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ (ពិនិត្យមុនសម្រាល) ផ្តល់ថ្នាំបំប៉ន និងសេវាសម្រាលកូនប្រកបដោយសុវត្ថិភាព ផ្តល់ការចាក់ថ្នាំបង្ការ (វ៉ាក់សាំង) ដល់ទារក និងកុមារ ដើម្បីការពារពីជំងឺឆ្លងផ្សេងៗ ព្រមទាំងការតាមដានការលូតលាស់របស់កុមារ • ពិនិត្យ និងព្យាបាលជំងឺកម្រិតស្រាល ដូចជា គ្រុនក្តៅ ផ្តាសាយ រាគរូស របួសបន្តិចបន្តួច និងជំងឺសើស្បែកជាដើម ហើយព្រមទាំងមានការផ្តល់ថ្នាំសង្កូវជាមូលដ្ឋានទៅតាមវេជ្ជបញ្ជា ។
លោកស្រីថា មណ្ឌលសុខភាពឃុំ-សង្កាត់ គឺជា “បង្អែកសុខភាព” ដ៏សំខាន់ដែលជួយឲ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកមានចំណូលទាប ស្ត្រីនិងកុមារ អាចទទួលបានការថែទាំសុខភាពជាមូលដ្ឋានប្រកបដោយសមធម៌ សុវត្ថិភាព និងប្រសិទ្ធភាព។ ក្នុងនោះដែរ លោកប្រធានមណ្ឌលសុខភាពគោកចក បានមានប្រសាសន៍បញ្ជាក់បន្ថែមឲ្យដឹងទៀតថា ជារៀងរាល់ថ្ងៃមណ្ឌលសុខភាពគោកចកគឺបានទទួលអ្នកជម្ងឺមកពិគ្រោះនិងព្យាបាលពី៨០នាក់ទៅ១០០នាក់ ជាមធ្យមគឺក្នុង១ខែប្រមាណជិត៣ពាន់នាក់ ផងដែរ ។ ម៉្យាងទៀតអគារថ្មីនេះ មិនត្រឹមតែមានសោភ័ណភាពល្អប្រណិតប៉ុណ្ណោះទេគឺជួយសម្រួលដល់ការផ្តល់សេវាសុខាភិបាលឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងភាពងាយស្រួលជាងមុន ទាំងសម្រាប់គ្រូពេទ្យនិងអ្នកជំងឺ។ ហើយក្នុងនោះដែរលោកស្រីប្រធានមណ្ឌលសុខភាពគោកចកមានប្រសាសន៍និងបន្តដឹកនាំបុគ្គលិកទាំងអស់ឲ្យខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយមិនមានការរើសអើង ផ្អែកលើក្រមសីលធម៌ និង វិជ្ជាជីវៈគ្រូពេទ្យខ្ពស់ និង លើកកម្ពស់ការប្រើប្រាស់សម្តីទន់ភ្លន់ រួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ដូចជាសាច់ញាតិបង្កើត ដើម្បីឱ្យមណ្ឌលសុខភាពនេះក្លាយជាទីទុកចិត្ត និងជាបង្អែកដ៏កក់ក្តៅរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ៕







































