អ៊ុក ផ្លុង សៀមរាប ÷ លោក វីរសេនីយ៍ទោ ខេង ពៅ នាយសេនាធិការរង នៃកម្លាំងប្រតិបត្តិការសឹករង ភូមិភាគ បួន ខេត្ត សៀមរាប កាលពីថ្ងៃ ទី ១៩ ខែ ឧសភាឆ្នាំ២០២៦កម្លាំង ចុះល្បាតទប់ស្កាត់ និងបង្រ្កាបបទ ល្មើសនេសាទ ដោយសហការជាមួយមន្ត្រីជំនាញជលផល។ សមាសភាពចូលរួមមាន÷ លោក សរ ម៉ាប់ នាយរង ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផល អន្លង់ សំណរ សហគមន៍នេសាទមាត់ខ្លា លោក មេ ភូមិ មាត់ខ្លា និងប្រជាការពារភូមិមាត់ ខ្លា កម្លាំង សរុប ចំនួន ១០ នាក់មធ្យោបាយ ធ្វើ ដំណើរដោយ កាណូត ចំនួន ៣ គ្រឿង បានចុះល្បាតនៅចំណុចកន្លែងអភិរក្សជលផល ផ្ទោលស្រោង ស្ថិតក្នុង ភូមិ មាត់ខ្លា ឃុំអន្លង់ សំណរ ស្រុក ជីក្រែង ខេត្ត សៀមរាប បានប្រទះ ឃើញជនសង្ស័យចំនួន 4នាក់កំពុងរាយ មងបីជាន់ក្នុងតំបន់អភិរក្សជលផលផ្ទោលស្រោង។ វត្ថុតាងដកហូតបានរួម មាន :
កាណូតស្មាច់ ចំនួន ២ គ្រឿង
១- កាណូត ស្មាច់ ប្រវែង៥,៩ម៉ែត្រ ទទឹង០,៥ម៉ែត្រ ជម្រៅ០,៣ម៉ែត្រ ម៉ាសុីនម៉ាកឡុងសុីន ពណ៌ ក្រហម ចំនួន ១ គ្រឿង។
២- កាណូត ស្មាច់ ប្រវែង ៥,៤ម៉ែត្រ ទទឹង០,៦ម៉ែត្រ ជម្រៅ០,៤ម៉ែត្រ ម៉ាសុីនម៉ាកប្រាដូ ពណ៌ស ចំនួន ១ គ្រឿង។
៣- មងក្រឡា០,០1៥ម៉ែត្រ ប្រវែង៣៦០ម៉ែត្រ
ជនសង្ស័យ ចំនួន ៤ នាក់ ។
១- ឈ្មោះ ជ្រូក ហៃ ភេទ ប្រុស អាយុ ១៨ ឆ្នាំ នៅ ភូមិស្ទឹងជ្រៅ ឃុំ អន្លង់ សំណរ ស្រុកជីក្រែង ខេត្ត សៀមរាប។
២- ឈ្មោះ ជ្រូក យូ ភេទ ប្រុស អាយុ ២២ ឆ្នាំនៅភូមិស្ទឹងជ្រៅ ឃុំ អន្លង់ សំណរ ស្រុកជីក្រែង ខេត្ត សៀមរាប។
៣- ឈ្មោះ មុយ គ្រី ភេទ ប្រុស អាយុ ៤១ ឆ្នាំ នៅភូមិស្ទឹងជ្រៅ ឃុំ អន្លង់ សំណរ ស្រុកជីក្រែង ខេត្ត សៀមរាប។
៤- ឈ្មោះ មុយ វ៉ាន់ ភេទស្រី អាយុ នៅ ភូមិ ស្ទឹងជ្រៅ ឃុំ អន្លង់ សំណរ ស្រុកជីក្រែង ខេត្ត សៀមរាប។ វត្ថុទាំងអស់ត្រូវបានយកទៅ រក្សាទុក ជា សម្បត្តិរដ្ឋ រីឯជនសង្ស័យទាំង បួន នាក់ ត្រូវបាន ព្រះរាជ អាជ្ញា រងអម សាលាដំបូង ខេត្ត សៀមរាប លោក ប៉ុក តារា សម្របសម្រួលឲ្យត្រឡប់ទៅកាន់គេហដ្ឋានវិញ។ ពាក់ព័ន្ធ ករណីខាងលើនេះ លោក វីរសេនីយ៍ទោ ខេង ពៅ និងលោក សរម៉ាប់ បានប្រាប់អ្នកសារព័ត៌មាន ថា នឹងបន្តសហការគ្នាដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទដូចភ្លៀងរលឹមក្នុងការបំពេញកាតព្វកិច្ច ជាពិសេសរដូវបិទនេសាទខាងមុខនេះ។ បញ្ហានេះដែរ ប្រជាពលរដ្ឋបានអប់អរសាទរនឹងចំណាត់ការរបស់កម្លាំងសហការ ដកហូតកាណូតជន សង្ស័យ ដែលថ្លើមធំពាសមេឃហ៊ានលួចចូល រាយ មងក្នុងតំបន់អភិរក្សទាំងកណ្តាលថ្ងៃចែស។ ប៉ុន្តែ ប្រជា ពលរដ្ឋនៅកំពង់ឃ្លាំង និងភូមិមាត់ខ្លាជាច្រើននាក់ផងដែរ បានត្អូញត្អែរ ប្រាប់អ្នកសារព័ត៌មានថា រដូវប្រាំងរីរាំងត្រីមេពូជរត់ចូលអន្លង់អភិរក្ស ពូកគាត់រកស៊ីនេសាទខុសគ្នាច្បាប់មែន ប៉ុន្តែមិនបានប្រើម៉ាស៊ីនឆក់ ហើយក៏មិនបាន នេសាទក្នុងតំបន់អភិរក្សផងដែរ មិនគួរយោធា អង្កភាពខ្លះ ដកកាណូតពួកគាត់ឡើយ គួរណាស់តែពិន័យអន្តរការណ៍ និងធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទខុសច្បាប់ប្រសើជាង។ ពួកគាត់បន្តទាំងទឹកមុខ ក្រៀមក្រំថា ការដកកាណូតពួកគាត់ ដូចជាកាត់ដៃកាត់ជើងពួកគាត់អញ្ចឹង។ ជា ពិសេស រដូវ វស្សាខាងមុខនេះតើឲ្យពួកគាត់ ធ្វើ ដំណើរទៅណាមកណាដោយសារអ្វីបើគ្មានកាណូត? ជាចុងក្រោយ ប្រជាពលរដ្ឋដែលនេសាទនៅរដូវបើកនេសាទដោយមិនបានប្រើប្រាស់ ឧបករណ៍ឆក់ ហើយក៏មិនបាននេសាទក្នុងតំបន់អភិរក្សត្រីមេពូជ សំណូមពរដល់ អភិបាល នៃគណៈ អភិបាល ខេត្ត សៀមរាប គឺ ឯកឧត្តម ប្រាក់ សោភ័ណ មេត្តាជួយអន្តរាគមន៍ ឲ្យកងទ័ពដែលដកហូតកាណូតពូកសុំវិញ ហើយពួកគាត់សុខចិត្ត បង់ប្រាក់ពិន័យអន្តរការណ៍ និងធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទខុសច្បាប់។ ប្រជាពលរដ្ឋទាំងនោះថាបើពួកគាត់មិនបានកាណូតវិញទេ រដូវវស្សាខាងមុខនេះច្បាស់ជាមានផលពិបាកយ៉ាងខ្លាំងសម្រាប់ជីវភាពរស់នៅរបស់ពួកគាត់៕


































