កំពង់ធំ: លោក សាយ គឹមឡម ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញ សំណេះសំណាល សួរសុខទុក្ខ រំលែកទុក្ខ និងប្រគល់ថវិកា បេឡាមរណសង្គ្រោះជូនដល់គ្រួសារពលី នៅភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនេះ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលសម្ដេចមានការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ សុខុមាលភាពជីវភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋទូទៅជាពិសេសគ្រួសារអតីតយុទ្ធជន គ្រួសារពលី និងនិវត្តជនដែលបានពលីនូវសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិជួបនូវសង្គ្រាម ឈ្លានពានពីបច្ចាមិត្ត។
ជាមួយគ្នានេះលោកបានសម្ដែងនៅសមានចិត្តចូលរួមរំលែកទុក្ខជាមួយគ្រួសារសពដែលបានបាត់បង់នូវសាច់ញាតិជាទីស្រឡាញ់ដែលមិនអាចវិលត្រឡប់ជួបមុខគ្នាតទៅទៀត និងបានណែនាំដល់អាជ្ញាធរភូមិ/ឃុំ ត្រូវបង្កើនការយល់ចិត្តទុកដាក់ថែមទៀតដល់គ្រួសារពលីឬគ្រួសារអតីតយុទ្ធជន និវត្តជនគ្រប់រូបក៏ដូចជាគ្រួសារងាយរងហានិភ័យ គ្រួសារវីរៈកងទ័ព ដើម្បីមានការចូលរួមជួយសង្គ្រោះ និងការផ្ដល់នូវសេវាផ្សេងៗផងដែរ។
សូមបញ្ជាក់ថា ថវិកាដែលប្រគល់ជូនដល់គ្រួសារអ្នកស្រី អេង ផាន ដែលជាសមាជិកសមាគមអតីតយុទ្ធជននិងនិវត្តជនខេត្តកំពង់ធំ បានទទួលមរភាពកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ទទួលបាននូវទឹកប្រាក់ចំនួន៤លានរៀលផងដែរ។

































