(កំពង់ធំ)÷ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោងអំពាវនាវដល់មន្ត្រីរាជការ សប្បុរសជន ចូលរួមជាមូលនិធិសម្រាប់អបអរសាទរទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា លើកទី១៦៣ លោក សាយ គឹមឡម ធ្វើការអំពាវនាវដូច្នេះក្នុងឱកាសដែលលោកបានដឹកនាំប្រជុំស្ដីពីការកៀរគរមូលនិធិថវិកា សម្ភារ សម្រាប់ចូលរួមអបអរសាទរ ខួបលើកទី១៦៣ នៃទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ៖ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” នៅអគាររដ្ឋបាលស្រុកស្ទោង នាពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
លោកបានសង្កត់ធ្ងន់ថា ដោយមានការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើក
ទី១៦៣ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សូមព្រះមន្ត្រីសង្ឃគ្រប់អង្គ ឋានានុក្រម ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារ ចូលរួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង តាមសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលជាការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ដ៏មានគុណតម្លៃបំផុត ដែលជាស្មារតីរួម មិនប្រកាន់បក្សពួក និន្នាការនយោបាយ ពូជសាសន៍ ឬពណ៌សម្បុរ និងសាសនាឡើយ។
ជាចុងបញ្ចប់លោក សាយ គឹមឡម បានក្រើនរំលឹកថែមទៀតដល់អាជ្ញាធរភូមិឃុំ និងការិយាល័យអង្គភាពពាក់ព័ន្ធ ត្រូវបង្កើនគុណភាព ប្រសិទ្ធភាពការងារជូនពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធដែលឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ក្នុងរដូវវស្សានេះ ហើយធ្វើរបាយការណ៍ និងសំណើជួយសង្គ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

































