ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះ ត្រួតពិនិត្យការគ្រប់គ្រងការពារ ដែនជម្រកសត្វព្រៃបឹងពែ នៅក្នុងតំបន់ជាំក្របី ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះ ទៅត្រួតពិនិត្យការគ្រប់គ្រង ការពារ តំបន់​ដែនជំរកសត្វព្រៃបឹងពែ នៅតំបន់ជាំក្របី ក្នុងភូមិសាស្ត្រឃុំសង្គ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

លោក អ៊ី វិចអុល មន្ត្រីឧទ្យានុរក្ស​ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ និងជាប្រធានទីបញ្ជាការស្រាលប្រចាំតំបន់ជាំក្របី បានរាយការណ៍បញ្ជាក់ថា៖ ដែនជម្រកសត្វព្រៃបឹងពែ នៅប៉ែកខាងកើតស្ទឹងស្ទោង ក្នុង​ឃុំ​សាគ្រាម​ ដែលគ្រប់គ្រងដោយទីបញ្ជាការស្រាលតំបន់ជាំក្របី មានផ្ទៃដីប្រមាណ​ជាង២០,០០០​ ហិកតា ហើយ​កន្លងមកថ្មីៗនេះ នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានជនល្មើសបានលបលួចកាប់ទន្ទ្រានដោយខុសច្បាប់ នៅតំបន់ត្រពាំងតាយស និងតំបន់កន្សែងធំ មានប្រមាណ​ជាង​ ៤​ ហិកតា ។ បច្ចុប្បន្នផ្ទៃដីនេះ ត្រូវបានកងកម្លាំងចម្រុះការពារ ​ និងយាមល្បាតយ៉ាង​ម៉ត់ចត់​បំផុតមិនឲ្យមានការដុតរានឬដាំដុះធ្វើចំការបានឡើយ​ ។ ហើយជនសង្ស័យក្នុងករណីកាប់បំផ្លាញព្រៃឈើនេះ ស្ថាប័នបរិស្ថានបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរួចរាល់ហើយផងដែរ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះ ដែលប្រចាំការនៅទីបញ្ជាការស្រាល តំបន់ជាំក្របី ក្នុងការគ្រប់គ្រង ការពារព្រៃឈើក្នុងដែនជម្រកសត្វព្រៃ បឹងពែរ​ នាពេលកន្លងទៅ និង​បច្ចុប្បន្ន​នេះ​ ហើយជាមួយនោះដែរ ក៏បានយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រង ការពារ ដីព្រៃឈើប្រមាណជា ៤​ ហិកតា ដែលបានជនល្មើសលួចកាប់ទន្ទ្រានមុនពេលបុណ្យចូលឆ្នាំថ្មីកន្លងទៅ បាន​យ៉ាង​ល្អ​ប្រសើរ​ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរួចហើយ ដើម្បីបន្តស្រាវជ្រាវរកមុខសញ្ញាជនល្មើស និងអ្នកពាក់ព័ន្ធ យកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់នៅពេលខាងមុខ។ ជាមួយនោះដែរ ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ ក៏បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះរបស់យើង ដែលបានយាមល្បាតការពារបានដីព្រៃឈើ ដែលរងការកាប់ទន្ទ្រាននាបណ្តាឆ្នាំកន្លងទៅបានយ៉ាងល្អបរសេីរ​ដោយបច្ចុប្បន្នតំបន់ទាំងនេះ ត្រូវ​បានព្រៃឈេីធម្មជាតិដុះលូតលាស់ឡើងវិញហើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចដល់កងកម្លាំងចម្រុះ ដែលប្រចាំការនៅទីបញ្ជាការស្រាលតំបន់ជាំក្របី ត្រូវបន្តយកចិត្តទុកដាក់ ទប់ស្កាត់ ការពារ និងបង្ក្រាបឲ្យបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ បឹងពែជាថ្មីទៀតបានឡើយ។ ក្នុងករណីមានជនល្មើស នៅតែបន្តរឹងទទឹងលបលួចកាប់ទន្ទ្រានព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃ បឹងពែ ដែលជាបទល្មើសជាក់ស្ដែង ត្រូវចាប់ឃាត់ខ្លួនបញ្ជូនទៅស្ថាប័នជំនាញ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី​ បញ្ជូនទៅកាន់តុលាការន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ជូន ស្បៀងអាអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងប្រេងឥន្ធនៈមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់កងកម្លាំងចម្រុះ ដើម្បីធានាជីវភាពប្រចាំថ្ងៃ និង​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ក្នុងការបំពេញភារកិច្ចសម្រាប់បម្រើសង្គមជាតិដ៏មានសារៈសំខាន់នេះផងដែរ។