ទំនាស់ដីធ្លីនៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក្លាយជា «ជំងឺរ៉ាំរ៉ៃ» គ្មានថ្នាំព្យាបាល ខណៈពលរដ្ឋជិត ៣០០គ្រួសារ បន្តលើកដៃអង្វរសម្តេចធិបតី ជួយរកយុត្តិធម៌

0

​(បន្ទាយមានជ័យ)៖ វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយកន្លែង ស្ថិតនៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងតែយារដាល និងក្លាយជា «ជំងឺរ៉ាំរ៉ៃដែលគ្មានថ្នាំព្យាបាល» ខណៈប្រជាពលរដ្ឋជិត ៣០០ គ្រួសារ កំពុងរស់នៅក្នុងភាពអស់សង្ឃឹម និងកើតទុក្ខមិនសុខចិត្តជាខ្លាំង ចំពោះចំណាត់ការដោះស្រាយដ៏យឺតយ៉ាវ និងការអូសបន្លាយពេលពីមួយឆ្នាំទៅមួយឆ្នាំ ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ។

​តំណាងប្រជាពលរដ្ឋបានរៀបរាប់ទាំងទឹកភ្នែកថា ពួកគាត់បានមកកាប់ឆ្ការ ត្រួសត្រាយព្រៃឈើ ព្រៃឫស្សី និងប្រថុយប្រថានជីវិតរស់នៅលើទឹកដីនេះ តាំងពីសម័យក្រោយសង្គ្រាម ដែលកាលនោះពោរពេញទៅដោយគ្រាប់មីនបន្សល់ទុក។ ពួកគាត់បានរួមសុខរួមទុក្ខ បង្កើតជាសហគមន៍ និងសាងសង់លំនៅឋានរស់នៅជាច្រើនរយគ្រួសារ ដោយពុំដែលឃើញមានបុគ្គល ឬភាគីណាម្នាក់ចេញមុខមកអះអាង ឬទាមទារថាជាដីកម្មសិទ្ធិរបស់ខ្លួនឡើយ។

​«ពួកយើងរស់នៅទីនេះតាំងពីដីមានមីន គ្មានអ្នកណាអើពើឡើយ តែរហូតមកដល់ឆ្នាំ ២០២៥ ស្រាប់តែលេចមុខ “ជនមិនស្គាល់មុខ” មកអះអាងថាកាន់កាប់ដីនេះទៅវិញ»នេះជាការលើកឡើងពីប្រជាពលរដ្ឋ។​ប្រភពដដែលបានបន្តចោទប្រកាន់ថា មានការឃុបឃិតគ្នារវាងជនខិលខូចទាំងនោះ ជាមួយនឹងអាជ្ញាធរក្រុងប៉ោយប៉ែត ដោយបានព្យាយាមទប់ស្កាត់ និងមិនព្រមចេញប័ណ្ណកម្មសិទ្ធិ (ប្លង់ដី) ស្របច្បាប់ជូនប្រជាពលរដ្ឋ ដែលជាអ្នករស់នៅជាក់ស្តែងឡើយ។

​​បច្ចុប្បន្ន ប្រជាពលរដ្ឋជិត ៣០០ គ្រួសារ បាននិងកំពុងធ្លាក់ក្នុងភាពទ័លច្រក និងអស់សង្ឃឹមយ៉ាងខ្លាំង ដោយសារតែថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំក្រុង ហាក់បីដូចជាមិនមានការអើពើ ឬមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយទំនាស់ដីធ្លីនេះជូនពួកគាត់នោះទេ ដោយទុកឱ្យពួកគាត់រង់ចាំពីមួយឆ្នាំទៅមួយឆ្នាំ គ្មានពន្លឺយុត្តិធម៌។​ដោយសារតែអស់ជំនឿលើការដោះស្រាយពីអាជ្ញាធរថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋជិត ៣០០ គ្រួសារ នៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានសម្រេចចិត្តលើកដៃម្រាមដប់ គោរពស្នើសុំសេចក្តីសណ្តោសប្រណី និងអន្តរាគមន៍ពីថ្នាក់ដឹកនាំកំពូល៖​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

​ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា សម្តេចធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងមេត្តាជួយពិនិត្យ ភាពទុក្ខលំបាករបស់រាស្ត្រសាមញ្ញ និងជួយជម្រុញការដោះស្រាយ បញ្ចប់ទំនាស់ដ៏រ៉ាំរ៉ៃនេះ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ ដើម្បីអាចរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយសេចក្តីសុខសាន្តតទៅ៕
ដោយ​ប៊ុន រដ្ឋា