«សមរភូមិក្រោយ មិនបោះបង់សមរភូមិមុខ»៖ ថ្នាក់ដឹកនាំខេត្តសៀមរាប ចុះមើលថែម្តាយកងទ័ពដែលកំពុងមានជំងឺធ្ងន់ធ្ងរ

0

សៀមរាប៖ នៅរសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៦ នេះ លោក ឌុច គិមដម នាយករងរដ្ឋបាលសាលាខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន ព្រមទាំងមានការចូលរួមពីសំណាក់តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រតនាគារខេត្ត រដ្ឋបាលស្រុកវ៉ារិន និងអធិការដ្ឋាននគរបាលស្រុកវ៉ារិន បានអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភ ជូនដល់លោកស្រី នាត ឈឿត។
​លោកស្រី នាត ឈឿត មានអាយុ ៥៥ឆ្នាំ មានទីលំនៅភូមិឫស្សីធំ ឃុំស្វាយស ស្រុកវ៉ារិន បច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺធ្ងន់ធ្ងរ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ លោកស្រី ត្រូវជាម្តាយបង្កើតរបស់លោក បូយ សាគុណប៊ុនវង្ស ដែលជាកងទ័ពកំពុងឈរជើងបំពេញភារកិច្ច នៅក្នុងវរៈសេនាតូចស៊ើបការណ៍ នៃកងពលធំអន្តរាគមន៍លេខ៣។
​ក្នុងឱកាសនោះ លោក ឌុច គិមដម នាយករងរដ្ឋបាលសាលាខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹក និងអាណិតអាសូរក្រៃលែង ពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក៏ដូចជាថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ជូនចំពោះលោកស្រី និងក្រុមគ្រួសារ។
​លោក ឌុច គិមដម បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖​«កងទ័ពរបស់យើង គឺជាខ្នងបង្អែកដ៏រឹងមាំក្នុងការការពារបូរណភាពទឹកដី សុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជន។ នៅពេលដែលបងប្អូនកងទ័ពកំពុងឈរជើងបំពេញភារកិច្ចនៅសមរភូមិមុខ អាជ្ញាធរនៅសមរភូមិក្រោយ មានតួនាទីយ៉ាងសំខាន់ក្នុងការមើលថែ ទ្រទ្រង់ និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសាររបស់ពួកគាត់»។

​លោកបានបន្ថែមថា ការចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភនាពេលនេះ ទោះបីមានចំនួនមិនច្រើនក្តី តែវាជាការបង្ហាញពីទឹកចិត្តស្មោះសរ ការមិនបោះបង់គ្នា និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់យុទ្ធជនយើង។ ជាមួយគ្នានោះ លោកក៏បានជូនពរ សូមឱ្យលោកស្រីបានជាសះស្បើយពីជំងឺក្នុងពេលឆាប់ៗ ដើម្បីជាកម្លាំងចិត្តដ៏ធំធេងដល់កូនប្រុស ដែលកំពុងឈរជើងការពារមាតុភូមិ។
​ដើម្បីជួយសម្រាលបន្ទុកជីវភាពក្នុងអំឡុងពេលសម្រាកព្យាបាលជំងឺ រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលស្រុកវ៉ារិន បានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ជូនដល់លោកស្រី និងក្រុមគ្រួសារផងដែរ៕
អត្ថបទដោយ៖ ប៊ុន រដ្ឋា