ខេត្តកំពង់ធំ៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត បានដឹកនាំសហការីចុះត្រួតពិនិត្យការរៀបចំទីបញ្ជាការស្រាលដែលទើបបង្កើតថ្មី នៅតំបន់អូរដូង។
ទីបញ្ជាការស្រាលថ្មីនេះ ត្រូវបានបង្កើតឡើងនៅចំណុចព្រំប្រទល់រវាងស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»។
ក្នុងឱកាសនោះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងចម្រុះទាំងអស់ ដែលប្រចាំការនៅទីនោះ ត្រូវធ្វើសកម្មភាពល្បាតត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំ ដោយមិនបណ្តោយឱ្យមានការលួចកាប់ទន្ទ្រានព្រៃឈើនៅតំបន់អូរដូង និងតំបន់អូរកង់ជាថ្មីទៀតឡើយ។ លោកមេបញ្ជាការបានសង្កត់ធ្ងន់ថា ត្រូវតែឃ្លាំមើល និងចាប់ឃាត់ខ្លួនជនល្មើសជាក់ស្តែងដែលលួចកាប់បំផ្លាញព្រៃឈើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយគ្មានការលើកលែង។
ជាមួយគ្នានេះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានដឹកនាំកងកម្លាំងចុះពិនិត្យស្ថានភាពទូទៅនៅក្នុងភូមិសាស្ត្រព្រៃឡង់ និងបានពិនិត្យឡើងវិញនូវតំបន់អូរកង់ ដែលធ្លាប់រងការកាប់ទន្ទ្រានកាលពីមុនពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ។ លោកបានជំរុញឱ្យមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ធំ ពន្លឿននីតិវិធីជំនាញក្នុងការរៀបចំដីការដកហូតដីព្រៃដែលរងការទន្ទ្រានទាំងនោះ ត្រឡប់មកគ្រងជាសម្បត្តិរដ្ឋវិញ ស្របតាមបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត។ ក្រៅពីនេះ ក្រុមការងារក៏បានរួមគ្នាបោះស្លាកសញ្ញាហាមឃាត់ការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិរបស់ក្រសួងបរិស្ថាន នៅតាមតំបន់គោលដៅសំខាន់ៗផងដែរ។
ចំពោះមុខបទបញ្ជានេះ កងកម្លាំងចម្រុះទាំងអស់ដែលប្រចាំការនៅទីបញ្ជាការស្រាលអូរដូង បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរពនិងអនុវត្តតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏ដូចជាភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីការពារទ្រព្យសម្បត្តិធម្មជាតិរបស់ជាតិ៕
អត្ថបទដោយ៖ ប៊ុន រដ្ឋា


































