ភ្នំពេញ៖ នៅក្នុងរបត់ថ្មីនៃការកែទម្រង់រដ្ឋបាលស៊ីជម្រៅ និងការពង្រឹងអភិបាលកិច្ចល្អ ក្រោមពាក្យស្លោក «ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់» រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ជាបន្តបន្ទាប់ ក្នុងការដក និងបញ្ចប់មុខតំណែងមន្ត្រីណាដែលពុំបានបំពេញកាតព្វកិច្ច និងតួនាទីរបស់ខ្លួនឱ្យបានសមស្របតាមការទុកចិត្តរបស់ជាតិ និងប្រជាជន។
ជាក់ស្តែង យោងតាមអនុក្រឹត្យជាបន្តបន្ទាប់ដែលឡាយព្រះហស្តលេខា និងចុះហត្ថលេខាដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៦ បានសម្រេច៖១. អនុក្រឹត្យលេខ ៤៥០ អនក្រ.តត៖ សម្រេចបញ្ចប់មុខតំណែង ឧត្តមសេនីយ៍ទោ ឡោ សុខា អត្តលេខ ០៧៤៩១ ពីមុខតំណែងជាប្រធានស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី។២. អនុក្រឹត្យលេខ ៤៥១ អនក្រ.តត៖ សម្រេចបញ្ចប់មុខតំណែង ឧត្តមសេនីយ៍ត្រី ហោម ហុណារីដែល អត្តលេខ ១៦១៣៤៦ នាយទាហាននៃកងយោធពលខេមរភូមិន្ទ ពីមេបញ្ជាការ បញ្ជាការដ្ឋានកងឯកភាពការពារព្រំដែនខេត្តមណ្ឌលគីរី។
សារព្រមានសម្រាប់ «មន្ត្រីគ្រាប់ល្ពៅ លែបខ្យល់ អែបអប»ការសម្រេចដក និងបញ្ចប់មុខតំណែងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធសំខាន់ៗទាំងពីររូប នៅក្នុងភូមិភាគឦសាននេះ មិនត្រឹមតែជាវិធានការរដ្ឋបាលធម្មតានោះទេ ប៉ុន្តែវាគឺជា «សារព្រមានចំហរដ៏មានឥទ្ធិពល និងមុតស្រួចបំផុត» ទៅកាន់មន្ត្រីអែបអប មន្ត្រីគ្រាប់ល្ពៅ ឬមន្ត្រីខ្យល់ ដែលចូលចិត្តប្រើវប្បធម៌ខ្សែស្រឡាយ ឬការលើកជើងដើម្បីបានបុណ្យស័ក្តិ ប៉ុន្តែខ្វះសមត្ថភាព និងការទទួលខុសត្រូវលើអង្គភាព។
«កៅអី និងតួនាទី មិនមែនជាកម្មសិទ្ធិផ្តាច់មុខ ឬជាកន្លែងសម្រាប់អង្គុយសម្ងំយកសុខនោះទេ»។នៅក្នុងយុគសម័យដឹកនាំថ្មី មន្ត្រីដែលនិយមការអែបអប លាយឡំដោយចរិតតោងទំ នឹងត្រូវជួបនូវវាសនាដូចគ្នា ប្រសិនបើពុំមានសមត្ថភាពពិតប្រាកដ ឬបណ្តោយឱ្យមានការឆកល្វែងក្នុងការបំពេញភារកិច្ចការពារជាតិ និងបម្រើប្រជាពលរដ្ឋ។
មេរៀន និងបទពិសោធន៍ការផ្លាស់ប្តូរ និងបញ្ចប់តំណែងនេះ ត្រូវតែជាមេរៀនស្ទង់ចិត្តដ៏ជ្រៅមួយសម្រាប់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់៖តម្លៃពិតស្ថិតលើស្នាដៃ៖ ទឹកចិត្តស្មោះត្រង់ ភាពម៉ឺងម៉ាត់ និងលទ្ធផលការងារជាក់ស្តែងនៅលើសមរភូមិការងារ ទើបជាគ្រឹះដ៏រឹងមាំនៃការរក្សាតំណែង និងកិត្តិយស។វិន័យកងកម្លាំងមិនអាចធូររលុង៖ មិនថាស្ថិតក្នុងឋានៈ ឧត្តមសេនីយ៍ផ្កាយប៉ុន្មាននោះទេ បើខ្វះការទទួលខុសត្រូវ គឺត្រូវប្រឈមមុខនឹងដាវអាជ្ញាសឹកនៃច្បាប់ និងបទវិន័យរដ្ឋបាលដូចៗគ្នា។
សង្ឃឹមថា វិធានការវះកាត់ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល នឹងក្លាយជាថ្នាំពុលសម្រាប់កម្ចាត់មេរោគអែបអប និងជាថ្នាំទិព្វជួយជម្រុញឱ្យមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ភ្ញាក់រលឹក ខិតខំបំពេញភារកិច្ចដោយសមត្ថភាពពិត ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ចំពោះមុខច្បាប់ និងប្រជាជន៕
ដោយប៊ុនរដ្ឋា




































