ក្រុមការងារចម្រុះរដ្ឋបាលក្រុងសំរោង និងមន្ទីរជំនាញខេត្ត ចុះពិនិត្យ និងវាស់វែងកំណត់ព្រំដី «ទួលកប់ខ្មោចបុរាណ» ដើម្បីការពារ និងអភិរក្សដីសាធារណៈរបស់រដ្ឋ

0

​(ឧត្តរមានជ័យ)៖ ការការពារដីធ្លីសាធារណៈរបស់រដ្ឋ និងការថែរក្សាការពារតំបន់ប្រវត្តិសាស្ត្រ ឬទីតាំងបុរាណដ្ឋាននានានៅតាមមូលដ្ឋាន គឺជាភារកិច្ចដ៏សំខាន់ក្នុងការថែរក្សាកេរដំណែលវប្បធម៌ និងបង្ការការទន្ទ្រានកាន់កាប់ខុសច្បាប់ នាថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ ដោយទទួលបានការណែនាំ និងចាត់តាំងពី លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង, លោក ឡុង វុន អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្រុងសំរោង បានដឹកនាំក្រុមការងារ ចុះសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញនៃ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ និង ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង។

ក្រុមការងារចម្រុះខេត្ត-ក្រុង បានចុះទៅដល់ទីតាំងផ្ទាល់ ដើម្បីធ្វើសកម្មភាពពិនិត្យ ស្វែងរកទិន្នន័យ និងវាស់វែងកំណត់ប្លង់ព្រំដីឱ្យបានច្បាស់លាស់ ទីតាំងដីដែលហៅថា «ទួលកប់ខ្មោចបុរាណ» ស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ គោលបំណង ការចុះកំណត់ព្រំដីនាពេលនេះ ធ្វើឡើងក្នុងគោលបំណងគ្រប់គ្រងដីធ្លីរបស់រដ្ឋឱ្យមានប្រព័ន្ធទិន្នន័យត្រឹមត្រូវ ជៀសវាងការរំលោភបំពាន និងដើម្បីរក្សាទុកជាសម្បត្តិវប្បធម៌ ក៏ដូចជាទីតាំងប្រវត្តិសាស្ត្របុរាណសម្រាប់សហគមន៍ និងមនុស្សជំនាន់ក្រោយបានដឹង និងចូលរួមអភិរក្ស។

​សកម្មភាពនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលក្រុងសំរោង និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ភូមិបាល និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយតម្លាភាព និងចីរភាព៕ដោយ៖ភ្នំដងរ៉ែក