អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពបំពាក់ឯកសណ្ឋាន ជូនប្រជាការពារ និងឧបត្ថម្ភអំណោយស្បៀងអាហារ របស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បំពាក់ឯកសណ្ឋាន ជូនប្រជាការពារ និងឧបត្ថម្ភអំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតនៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល គឺដើម្បីធ្វើឲ្យភូមិ ឃុំ សង្កាត់របស់យើងមានសុខសន្តិភាព គ្មានអំពើលួចឆក់ប្លន់ គ្មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានការលេងល្បែងស៊ីសងខុសច្បាប់ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានក្មេងទំនើង គ្មានការប្រើអំពើហិង្សាក្នុងគ្រួសារ និងការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីភាគីទាំងសងខាងឈ្នះទាំងអស់គ្នា គ្មានអ្នកឈ្នះនិងគ្មានអ្នកចាញ់។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះឲ្យនៅគង់វង់ជារៀងរហូត នឹងត្រូវអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ដើម្បីភាពសុខដុមរមនារបស់យើងទាំងអស់គ្នានៅក្នុងមូលដ្ឋាន ។

នៅក្នុងពិធីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន១២នាក់ និងឧបត្ថម្ភអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុនី ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួន៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួនពីរយូរ និងត្រីខកំប៉ុងចំនួនមួយយួរផងដែរ ។

តំណាងអាជ្ញាធរដែនដីសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា ៕