ថ្នាក់ដឹកនាំខេត្តកំពង់ធំ បានចុះសួរសុខទុក្ខដល់គ្រួសារដែលរងគ្រោះដោយអគ្គីភ័យលេបត្របាក់ផ្ទះអស់ទាំងស្រុងស្ថិតនៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន

0

កំពង់ធំ÷ លោកជំទាវ លំ គន្ធារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ លោកជំទាវ សុខ ចាន់ធូ សមាជិកក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចូលរួមចុះសួរសុខទុក្ខសំណេះសំណាល និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្តល់ជូនដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង ស្ថិតនៅភូមិពោធិករ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។តាមរបាយការណ៍របស់លោក ហេង សុចិន្តា ចៅសង្កាត់ដំរីជាន់ខ្លា បានលើកឡើងថា កាលពីវេលាម៉ោង០៦:៣០ នាទីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ មានអគ្គិភ័យមួយបានឆាប់ឆេះផ្ទះបងប្អូនប្រជាជាពលរដ្ឋមួយខ្នងដែលមានទំហំ០៥ ម៉ែត្រ×០៦ម៉ែត្រ ជញ្ជាំងឈើ ប្រក់ស័ង្កសីខូចខាតអស់ទាំងស្រុង មូលហេតុដោយឆ្លងចរន្តអគ្គិសនី។ លោកចៅសង្កាត់បានបន្តទៀតថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន សូមចូលរួមសោកស្ដាយចំពោះលោកស្រី លឿម សុខលីន ភេទស្រីអាយុ៣១ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនស្រី០១នាក់ ជីដូនចាស់ជរា០១នាក់ រវល់តែមកលក់ដូរនៅក្នុងវត្តថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរទុកឲ្យជីដូននៅផ្ទះតែម្នាក់ឯង។

ជាមួយគ្នានេះផងដែរលោកជំទាវ លំ គន្ធារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានលើកឡើងថា ដោយមានការធ្វេសប្រហែស ធ្វើឲ្យបាត់បង់នៅទ្រព្យសម្បត្តិមួយចំនួន ដោយសារអគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នងអស់ទាំងស្រុង។ ដូចនេះហើយក្នុងនាមជាអ្នកដឹកនាំខេត្តកំពង់ធំ បានចូលរួមសោកស្ដាយនិងនាំយកអំណោយផ្ដល់ជូន ដើម្បីលើកទឹកចិត្តដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះនឲ្យមានស្មារតីរឹងមាំ និងប្រកបមុខរបរបន្តដើម្បីចិញ្ចឹមគ្រួសារលក្ខណៈល្អប្រសើរ ទីណាមានទុក្ខលំបាក ទីនោះមានសាខាកាក់បាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះជួយដល់មូលដ្ឋាន។

លោកជំទាវ លំ គន្ធារី បានជំរុញលើកទឹកចិត្តបន្ថែមទៀត ដើម្បីឲ្យក្រុមគ្រួសារមានភាពរឹងមាំ អភិវឌ្ឍន៍ក្រុមគ្រួសារឲ្យមានការរីកចម្រើន លើសពីនេះសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ មុនចេញដំណើរទៅណាមកណា ត្រូវតែពន្លត់ភ្លើងចង្ក្រាន ធូប ទៀន និងបិទកុងតាក់ចរន្តអគ្គិសនីឲ្យបានត្រឹមត្រូវ ចៀសផុតពីគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

គួរបញ្ជាក់ផងដែរថា អំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់ជូនដល់គ្រួសាររងគ្រោះដោយភ្លើងចិត្តផ្ទះរួមមាន÷អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវទឹកត្រី ឃីត តង់ កន្ទេល និងថវិកាមួយចំនួនទៀតផងដែរ។