សៀមរាប៖ ថ្មីទៀតហើយ លោកស្រីជំទាវបណ្ឌិត ឧកញ៉ាលី អ៊ុំអេង ប្រើស្ទីលចាស់ នៅសុខៗទៅបោះ របងហ៊ុំព័ទ្ធយកដីគេពីរម្ចាស់ជិត១០ហិកតា ហើយប្តឹងម្ចាស់ដីទាំងពីរ ទៅតុលាការថែមទៀតទង្វើដ៍សាហាវឃោឃៅ របស់ជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង នេះកើតឡើងនៅក្នុងភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ជនរងគ្រោះក្នុងអំពើរំលោភយកដីពីសំណាក់ជំទាវលី អ៊ុំអេង ទី១ឈ្មោះហ៊ីវ ហ៊ាន ភេទប្រុស ត្រូវជំទាវខាងលើហ៊ុំព័ទ្ធយកដីអស់ជាង៦ហិកតា។ ទី២ឈ្មោះ ម៉ម វាសនា ភេទប្រុស ត្រូវជំទាវដដែលហ៊ុពទ្ធ័យកអស់ជាង៣ហិកតា។
លោកហ៊ីវ ហ៊ាន នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៣នេះ បានផ្តល់បទសម្ភាសន៍ដោយផ្ទាល់ថា កាលពីកំឡុងឆ្នាំ២០០៣ រូបគាត់បានលក់ដីមួយកន្លែងស្ថិតក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ឲ្យទៅឈ្មោះលី អ៊ុំអេង។
ប៉ុន្តែនៅចុងឆ្នាំ២០១៩ គ្រាដែលរូបគាត់ទៅធ្វើការឆ្ងាយក៍ស្រាប់ តែឈ្មោះលី អ៊ុំអេង បានឲ្យមនុស្សមួយក្រុមចូលទៅបោះរបងហ៊ុំព័ទ្ធយកដីរបស់គាត់ជាង៦ ហិកតា រួមទាំងដីអ្នកក្បែរខាងជាង ៣ហិកតា ទៀត ស្ថិតក្នុងភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយ ស្រី។
ពេលឃើញគេកំពុងបោះរបងហ៊ុំព័ទ្ធយកដីរបស់ខ្លួន រូបលោកបានទៅហាមឃាត់ដោយបញ្ជាក់ថា ដីនេះជាដីរបស់ខ្ញុំ ពុំមែនជាដីរបស់ឈ្មោះលី អ៊ុំអេងទេ អីចឹងសុំបញ្ឍប់សកម្មភាពធ្វើរបងបន្តទៀត។
លោកហ៊ីវ ហ៊ាន ឲ្យដឹងទៀតថា ក្រោយពីរូប លោកចុះទៅហាមឃាត់មិនឲ្យហ៊ុំរបងព័ទ្ធយកដី ក៍ស្រាប់តែឈ្មោះលី អ៊ុំអេង ប្តឹងរូបលោកទៅតុលាការ ទាំងរូបលោកជាម្ចាស់ដីស្របច្បាប់ មានឯកសារត្រឹម ត្រូវ។ នេះគឺលី អ៊ុំអេង កំពុងប្រើក្បាច់ព្រួញ១ បាញ់យកសត្វ២(ទិញ១កន្លែងមកយកដីគេ២កន្លែង)។
ករណីខាងលើនេះ លោកហ៊ីវ ហ៊ាន បានសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសស្ថាប័នតុលាការ មេត្តាជួយស្រាវជ្រាវដល់ឬសគល់ ដើម្បីដឹងច្បាស់ថា តើអ្នកណាជាម្ចាស់ដីពិតប្រាកដ ហើយជនដែលដើររំលោភបំពានគេ មានទោសដែរឬទេ ហើយគួរទទួល ទោសបែបណា។
ចំណែកលោកម៉ម វាសនា ជនរងគ្រោះទី២ មិនបានបរិយាយវែងទេ តែលោកបញ្ជាក់ថា ដីរបស់លោកត្រូវឈ្មោះលី អ៊ុំអេង ហ៊ុំរបងព័ទ្ធយកអស់ជាង៣ហិកតា មានព្រំប្រទល់ជាប់នឹងឈ្មោះ ហ៊ីវ ហ៊ាន ដែរ។
ជាមួយនឹងការប្រើស្ទីលចាស់ ក្នុងរូបភាពថ្មី ទិញ១ កន្លែង ដើរបោះបង្គោលហ៊ុំព័ទ្ធយកច្រើនកន្លែង របស់ជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេងនេះ មហាជននៅក្នុងខេត្តសៀមរាបជាច្រើន បានលើកជាចម្ងល់ថា តើជំទាវបណ្ឌិតរូបនេះ ចេះអក្សរដែរឬទេ.? បើចេញពីសាលាថ្នាក់បណ្ឌិតមែននោះ ចុះហេតុអីក៍ដើរហ៊ុំព័ទ្ធយកដីគេខុសទីតាំងនិងឯកសារស្ទើគ្រប់កន្លែងបែបនេះ.? ឬ មួយថា បណ្ឌិតរាល់ថ្ងៃនេះ តែងតាំងដោយខ្លួនឯង.?ម្យ៉ាងវិញទៀត ការដើរបោះបង្គោលរបងលើដីគេបែបនឹង តើជំទាវបណ្ឌិតមានទោសដែរឬទេ ឬមួយថា មាន ឈ្មោះជាជំទាវ ទោះដើររំលោភបំពានយកដីអ្នកណាក៍គ្មានទោស.?។
មហាជនក្នុងខេត្តសៀមរាប បានទទូចសុំដល់ស្ថាប័នច្បាប់ មេត្តាស្រាវជ្រាវឲ្យបានល្អិតល្អន់មុនពេលសម្រេចលើករណីទំនាស់ដីធ្លី ដែលកើតមានឡើង ពីព្រោះករណីដីធ្លីនៅក្នុងខេត្តសៀមរាប នៅតែក្តៅគគុកនៅឡើយ ជាពិសេស រឿងដីធ្លីរវាងពលរដ្ឋ ជាមួយជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង នេះតែម្តង។
នៅរសៀលថ្ងៃដដែលនេះ អង្គភាពយើង មិនអាចស្វែងរកជួបលោកស្រីលី អ៊ុំអេង ដើម្បីសុំការបំភ្លឺបាន ទេ ជុំវិញការចោទថា លោកស្រីទៅបោះរបងហ៊ុំព័ទ្ធយកដីគេពីរម្ចាស់រហូតជិត១០ហិកតា ហើយប្តឹងម្ចាស់ ដីទៅតុលាការ៕





































