សេង ណារិទ្ធ
កំពត៖ ប្រជាពលរដ្ឋប្រមាណជិតមួយពាន់នាក់ មកពីឃុំចំនួន៤ នៃស្រុកជុំគិរី ខេត្តកំពត បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកំពត ពាក់ព័ន្ធនឹងក្រុមហ៊ុនជាសារ៉ន បញ្ចុះបញ្ចូលឱ្យពលរដ្ឋខាងលើខ្ចីប្រាក់ក្នុងធនាគារ ដើម្បីយកទៅដាក់វិនិយោគទន់ជាមួយក្រុមហ៊ុន ដោយក្រុមហ៊ុនសន្យាថា នឹងបង់ប្រាក់កម្ចី
ជំនួសវិញក្នុងរយៈពេល៥ឆ្នាំ ប៉ុន្តែក្រុមហ៊ុនជួយបង់ត្រឹមតែជាង១ឆ្នាំ ក៏លែងដឹងឮតែម្តង។
ការប្រមូលផ្តុំគ្នាដាក់ពាកបណ្តឹងនេះ បានប្រព្រឹត្តិឡើង តាំងពីថ្ងៃទី២៤ បន្តរហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅមុខស្នងការដ្ឋាននគរបាលខេត្តកំពត។
តាមការលើកឡើងរបស់ពលរដ្ឋខាងលើ បានិយាយថា ដើមចមដែលធ្វើអោយពួកគាត់លង់តាមការបញ្ចុះចញ្ចូលនោះ ដោយសារតែភាគីខាងក្រុមហ៊ុនអោយពលរដ្ឋកម្ចីប្រាក់ក្នុងធនាគារ អេលីដា ដោយគ្រួសារខ្លះខ្ចី១ម៉ឺនដុល្លារ ខ្លះជាង១ម៉ឺនដុល្លារ ខ្លះ២ម៉ឺនដុល្លារ ហើយក្រុមហ៊ុនសន្យាបង់ប្រាក់កម្ចីជំនួសប្រជាពលរដ្ឋជាម្ចាស់បំណុលប្រចាំខែ រហូតរយៈពេល៥ឆ្នាំ ប៉ុន្តែពេលនេះក្រុមហ៊ុនជាសារ៉ន បានបង់ជំនួសពលរដ្ឋត្រឹមតែរយៈពេលជាងមួយឆ្នាំប៉ុណ្ណោះ ទើបពលរដ្ឋមានប្រតិកម្ម ហើយនាំគ្នាមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកែម្តង។
ជាមួយគ្នានេះប្រជាពលរដ្ឋក៏សូមសំណូមពរដល់ ឯកឧត្តម មៅ ធនិន អភិបាលខេត្តកំពត អោយជួយអន្តរាគមន៍ និងជួយរកយុត្តិធម៌អោយពួកគាត់ផង ៕





































