ដោយ៖ ឃិន គន្ធា
បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្ដម អ៊ុ រាត្រី លើកទឹកចិត្ត និងការពារដល់អ្នកវិនិយោគដែលមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ហើយផ្តល់ការរីកចម្រើនដល់ច្រើនផ្នែកដូចជាខ្លួនឯងជាផ្នែកឯកជន ផ្នែកសាធារណជនឬពលរដ្ឋនិងផ្នែករដ្ឋ ។
ឯកឧត្ដម អភិបាលខេត្តបន្ទាយមានជ័យថ្លែងដូច្នេះល្ងាចកាលពីថ្ងៃទី២៤ខែមេសាឆ្នាំ២០២៣ ក្នុងពេលអញ្ជើញជាអធិបតីជាមួយមន្ត្រីនិងលោកឧកញ៉ាតែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃធីធីគ្រុប((T.T.P . Land ) ក្នុងពិធីសម្ពោធជាផ្លូវការគម្រោងលំនៅឋាននិងដីឡូតិ៍របស់ខ្លួននាផ្លូវជាតិលេខ៥ភូមិ-សង្កាត់ទឹកថ្លាក្រុងសិរសោភ័ណ ជាប់ព្រំប្រទល់ភូមិសាលាក្រហមឃុំសំរោងស្រុកអូរជ្រៅ។
លោកឧកញ៉ាតែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃធីធីគ្រុបបានអោយដឹងថា:វត្តមានរបស់គណៈអភិបាលខេត្តនិងមន្ត្រី ពិតជាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចំពោះការងាររបស់ក្រុមហ៊ុនអចលនទ្រព្យថ្មីមួយ ក៏ដូចជាចំពោះវិស័យឯកជននៅខេត្តបន្ទាយមានជ័យការជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ។
ទស្សនវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុនគឺផ្តល់ជូននូវគេហដ្ឋានតាមក្តីស្រមៃ ការចង់បានរបស់អតិថិជនគ្រប់ៗគ្នា។ គម្រោងលំនៅដ្ឋាននេះសាងសង់ឡើងដោយប្រើប្រាស់សម្ភារៈនិងបំពាក់ដោយគ្រឿងបរិក្ខារទាន់សម័យមានគុណភាពខ្ពស់។ ឯការរចនាម៉ូដគឺតាមរចនាបថសម័យថ្មីទាំងក្នុងនិងក្រៅរបស់លំនៅដ្ឋាននីមួយៗ ។
ម្យ៉ាងទៀត គម្រោងនេះស្ថិតនៅតំបន់ដែលមានសក្តានុពលដើម្បីធានាជូនអតិថិជនរបស់យើងទទួលបាននូវ “ភាពជឿជាក់ក្នុងការរស់នៅ”។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ថ្មីបន្ថែមទៀត ទីនេះមានផ្ទៃដីចំនួន១៨៥ហិកតា មានទីតាំងខាងលើ។
ការអភិវឌ្ឍជំហានទី១ ក្នុងគម្រោងនិងប្រើប្រាស់ផ្ទៃដីចំនួន ៧៨.៥ ហិកតា មានការសាងទៅលើផ្ទះប្រភេទវិឡាទោលចំនួន ៩៥១ផ្ទះ(ដែលមានទំហំដី៨ម x២០មនិងទំហំផ្ទះ៦មx១៤ម) ដូចមានផ្ទះគំរូស្រាប់និងមានដីឡូត៍សរុប ចំនួន ៣.២៤៩ ឡូត៍(ដែលទំហំដីចាប់ពី៥មx២០ម,ទំហំដី១០មx២០ម និងជាពិសេសមានប្រភេទទំហំដីតាមអតិថិជនតំរូវការជាក់ស្ដែង)បន្ថែម ។
និងក៏មានការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា : ក្នុងខេត្តមានតំបន់សេដ្ឋកិច្ចពិសេស៤និងសួនឧស្សាហកម្ម១ មានរោងចក្រធំ២០ មូលដ្ឋាន ។
ហើយផ្តល់ការងារធ្វើដល់និយោជិកចំនួន២ម៉ឺននាក់ ។
ឯកឧត្ដម អ៊ុ រាត្រី បានបន្តថា : អាជ្ញាធរ មានសមត្ថកិច្ចសូមស្វាគមន៍និងលើកទឹកចិត្តដល់វិនិយោគិនក្នុងនិងក្រៅស្រុក(បរទេស)ចូលមកពិនិត្យ រកឱកាសបណ្តាក់ទុន ការអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ចនៅក្នុងខេត្តនេះ ។
គឺដូចជាក្រុមហ៊ុនធីធីភីឡែននេះ បានមកវិនិយោគលើអចលនទ្រព្យ ពិតជាមានភាពត្រឹមត្រូវ មានច្បាប់អនុញាតិ មានបែបបទពីជំនាញនិងអាជ្ញាធរគ្រប់ថ្នាក់ ដែលអាចផ្តល់ភាពជឿជាក់ដល់បងប្អូនប្រជាពលរដ្ឋបាន ។
ក្នុងនាមអាជ្ញាធរនិងសមត្ថកិច្ច លោកក៏ជម្រុញអោយក្រុមហ៊ុនយកចិត្តទុកដាក់និងលើកម្ពស់លើគម្រោងលំនៅឋានតម្លៃសមរម្យសម្រាប់អ្នកមានចំណូលទាប និងមធ្យម ហើយក្រុមហ៊ុនក៏ខិតខំដាំដើមឈើ ធ្វើសួនច្បារ ការការពារបរិស្ថានដើម្បីរួមចំណែកទប់ស្កាត់បម្រែបម្រួលអាកាសធាតុឬការឡើងកំដៅផែនដីផងដែរ ៕





































