ដោយសុខ គឹមសៀន
កំពង់ឆ្នាំង៖ ទីតាំងល្បែងស៊ីសង់ភ្នាល់ជល់មាន់តាមអនឡាញមួយកន្លែងស្ថិតនៅក្នុងភូមិពោធិ៍ក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងត្រូវបានលោកសេង ចិន្ដា អធិការនគរបាលស្រុកសាមគ្គីមានជ័យ ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយ ចុះបង្ក្រាបនិងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងមិនឲ្យបើកលេងល្បែងស៊ីសង់ភ្នាល់ ជល់
មាន់តាមទូរទស្សន៍អនឡាញខុសច្បាប់បន្តទៀតនោះទេ។
សូមបញ្ជាក់ថា ក្រោយពីមានសារព័ត៌មានបានចុះផ្សាយពីទីតាំងលេងល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញមួយកន្លែងខុសច្បាប់កាលពីថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៣នៅទីតាំងខាងលើនេះ។
កម្លាំងអធិការនគរបាលស្រុកសាមគ្គីមានជ័យបានចុះបង្ក្រាបភ្លាមៗដោយមានការចង្អុលបង្ហាញនិង យកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកវរ:សេនីយ៍ឯក សេង ចិន្តា បានដឹកនាំកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយ ចុះដល់ទីតាំងបានហៅម្ចាស់ ដែលមានឈ្មោះ ហោ ណុន ភេទប្រុស អាយុ ៤៨ ឆ្នាំសញ្ជាតិខ្មែរបច្ចុប្បន្នរស់នៅក្នុងភូមិខ្យាងត្បូង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរាល់ល្បែងស៊ីសងទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាតនិងបានធ្វើកិច្ចសន្យា លាយ លាក់ជាអក្សរជាកំណត់ហេតុបរិច្ឆេទ កាលពីថ្ងៃទី២៥ ខែមេសា ២០២៣នេះ។
បើយោងតាមការបញ្ជាក់ពី លោកអធិការនគរបាល ស្រុកបានថ្លែងអោយដឹងថាលោកតែងតែគោរពនិងអនុវត្តទៅតាមប្រសាសន៍របស់ឯកឧត្តមស្នងការខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់រាល់សកម្មភាពល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់លោក.លោកតែងតែដឹកនាំកម្លាំងប៉ុស្តិ៍របស់លោកចុះបង្ក្រាបជានិច្ចរាល់ការទទួលបានព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុកឬតេឡេក្រាមឬទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីចូលរួមចំណែកគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលនិងចូលរួមបញ្ជៀសនូវអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា និងរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋទាំងថ្ងៃទាំងយប់ដោយមិនគិតពីការនឿយហត់នោះឡើយ។
នៅក្នុងនោះផងដែរបងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋានស្រុកសាមគ្គីមាន
ជ័យទាំងអស់ បានអបអរសាទរនិងថ្លែងអំណរគុណចំពោះលោកសេង ចិន្ដា អធិការស្រុកដែលបានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ល្បែងស៊ីសងផ្សេងៗនៅក្នុងមូលដ្ឋានបានទាន់ពេលវេលា៕





































