ប៉ៃលិន៖ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ងួន លីណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អង្គភាពពាក់ព័ន្ធនិងអាជ្ញាធរក្រុងស្រុក ភូមិឃុំសង្កាត់ សរុប ៧៩នាក់។ ព្រឹកថ្ងៃទី២៧ ខែមេសា
ឆ្នាំ២០២៣ បានអញ្ជើញជាគណអធិបតីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡា ខេត្ត។
លោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ សិក្ខាសាលា នាថ្ងៃនេះ បានឆ្លុះបញ្ចាំងអំពីការខិតខំ និងយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តប៉ៃលិន ក្នុងការចូលរួមចំណែកក្នុងការសហការការពារទ្រព្យសម្បត្តិរដ្ឋ និងអភិរក្សធនធានធម្មជាតិ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ប្រកបដោយចីរភាពនៅព្រះរាជាណាចកម្ពុជា។ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជណាចក្រកម្ពុជា។
ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍បញ្ជាក់ថា៖ ការបើកសិក្ខានេះមានគោលបំណងការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ រួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ នៅក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធ នឹងធនធានធម្មជាតិនៅក្នុងតំបន់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន និងការកសាងសំណុំ រឿងបញ្ជូនមកតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
ឯកឧត្តម បានមានប្រសាន៍បន្តថា៖ នៅក្នុងតំបន់ការពារធនធាន ធម្មជាតិ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចជាកម្មវត្ថុនៅក្នុងការទិញលក់បានឡើយ ជាពិសេសរាល់ ការទិញលក់ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ ត្រូវបានចោលជាអាសារបង់ ហើយ អ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ព្រមទាំងការចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព លក្ខណសម្បត្តិទី៦ មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ ។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ ជំរុញ ដល់ សិក្ខា កាម ទាំងអស់ យកចិត្តទុកដាក់ ចូលរួមជា មតិយោបល់ ធ្វើយ៉ាងណាឱ្យបាន ផុលផុសប្រកប ដោយ ចំណេះដឹងជាពិសេស សម្រាប់យក ទៅអនុវត្តតាមអង្គភាពនីៗមួយឱ្យបានកាន់តែល្អ ប្រសើរ ផង ដែរ ។
សូមបញ្ជាក់ថា៖ សិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ៕អត្ថបទ ភ្នខៀវ ប៉ៃលន





































