កំពង់ធំ៖ កងរាជអាវុធហត្ថបានឃើញអត្ថបទរូបភាពព័ត៌មានពាក់ព័ន្ធនឹងយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនិងគោយន្ដ ហើយមានការទារលុយ និងស្ទួចយកគោយន្តនោះផងដែរកាលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
ក្នុងនោះខ្លឹមសារ៖ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលដែលពាក់ព័ន្ធជ្រាបថា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ធ្វើការត្រួតពិនិត្យករណីខាងលើនិងដោះស្រាយដោយគោរពគោលការណ៍ (ការពារ បម្រើ និងសង្គ្រោះប្រជាពលរដ្ឋ)។
ដោយឡែក អាកខោនហ្វេសបុកឈ្មោះ ហៀង ធូ ដែលគេអះអាងថាជាភាគីម្នាក់ក្នុងករណីខាងលើ បានសរសេរនិងភ្ជាប់រូបភាពមួយចំនួន ដូចនេះថា ៖នៅរំលងអាធ្រាត ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ខ្ញុំបានបត់គោយន្តចូលផ្ទះ ហើយបានប៉ះពាល់ឡានដែលកំពុងបើកបរពីក្រោយ។ ម្ចាស់ឡានឈ្មោះ ណុប_ពុត្ថា ជាកងរាជអាវុធហត្ថខេត្តកំពង់ធំ ហើយបានទារសំណងចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀល) តែខ្ញុំសុំត្រឹម៤,០០០,០០០៛(បួនលានរៀល) និងបានឲ្យរួចហើយ ដោយគិតថាចប់ត្រឹមហ្នឹង។ ប៉ុន្តែពេលរសៀល ថ្ងៃខែឆ្នាំដដែល លោក ណុប ពុត្ថា បានយកឡានមកស្ទូចគោយន្តខ្ញុំដែលដាក់ក្នុងផ្ទះ ព្រមទាំងយកសំបកជនាឈើ ដែលខ្ញុំយកមកប្រើប្រាស់ជាគ្រួសារប៉ុនណោះទៅផងដែរ។
ដូចនេះសូម ជម្រាបជូន សម្តេចពុក ព្រមទាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារយើងខ្ញុំផងបញ្ជាក់ហេតុការណ៍នេះ កើតឡើងនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ទាំងនេះគឺជា ខ្លឹមសារទាំងស្រុងរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសំណេររបស់ភាគីម្នាក់ក្នុងករណីនេះតែប៉ុណ្ណោះ ចំពោះភាគីម្ខាងទៀតមានឈ្មោះណុប ពុត្ថា ជាកងរាជអាវុធហត្ថខេត្តកំពង់ធំ ពុំអាចទំនាក់ទំនងដើម្បីសុំការបំភ្លឺបាននោះទេ ដោយខលមិនចូល ៕







































