ឯកឧត្តម អ៊ុន ចាន់ដា ប្រកាស បញ្ចូល សមាជិក គណបក្សប្រជាជន កម្ពុជា ចំនួន ៧៦០នាក់ មកពីសង្កាត់វាលវង់ និងសង្កាត់កំពង់ចាម

0

កំពង់ចាម : ក្នុង ពិធីប្រកាស បញ្ចូលសមាជិកថ្មីចំនួន ៧៦០នាក់ មកពីសង្កាត់វាលវង់ និងសង្កាត់កំពង់ចាម នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម បានណែនាំដល់ប្រធានគណបក្សសង្កាត់ទាំងពីរ ក៏ដូចជាក្រុមការងារស្នូល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្សរាល់ពេលពួកគាត់មានតម្រូវការ ឬមានសំណូមពរ ឬក៏ជួបបញ្ហាផ្សេងៗ ពិសេសគឺផ្សារភ្ជាប់ទៅនឹងការផ្ដល់-ទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ពួកគាត់ ។

ក្នុងឱកាសស្វាគមន៍សមាជិកថ្មី ដែលបានសម្រេចដ៏ត្រឹមត្រូវមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែង ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ពោលគឺត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អដល់សមាជិកបក្សបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ។ ពីព្រោះ ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថា ពួកគាត់មិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់ផងដែរ។

ឯកឧត្តមប្រធានគណបក្សខេត្ត បានបន្តថា គណបក្សមូលដ្ឋាន ក៏ត្រូវត្រៀមឃោសនិក ដើម្បីបកស្រាយពីគោលនយោបាយគណបក្ស ផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជននានា ហើយក៏ដើម្បីវាយបកទៅកាន់មជ្ឈដ្ឋានដែលវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាវិញដែរ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែល នឹង ឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ផងដែរ ។

គួរ បញ្ជាក់ ថា សមាជិក ថ្មី ចំនួន ៧៦០នាក់ ដែល សុំ ចូលរួម ជីវភាព នយោបាយ ជាមួយ គណបក្សប្រជាជន កម្ពុជា ក្រុង កំពង់ចាម ក្នុង នោះ សមាជិក មកពីសង្កាត់វាលវង់ ចំនួន ៥២២នាក់ និង សង្កាត់កំពង់ចាម ចំនួន ២៣៨នាក់ ៕