ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជំនួយឧបត្ថម្ភរបស់អង្គភាព ជូនយោធិននារីលំហែមាតុភាព

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរៀបចំកម្មវិធីប្រគល់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ និងជំនួយឧបត្ថម្ភរបស់ក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជូនយោធិននារីសម្រាកលំហែមាតុភាពចំនួន២ រូប ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកវរសេនីយ៍ទោ ជាវ សុធារិទ្ធ នាយផ្នែកហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើយអានសេចក្តីកំណត់របស់ក្រសួងការពារជាតិ ស្ដីពីការឧបត្ថម្ភប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិជូនយោធិននារី ដែលត្រូវបានសម្រាកលំហែមាតុភាព ដែលក្នុងម្នាក់ៗចំនួន៨០០.០០០រៀល ដើម្បីថែបំប៉នសុខភាពក្រោយពេលសម្រាលបុត្ររួច ។

លោកស្រីវរសេនីយ៍ទោ យូ មុនីរ័ត្ន នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីសមាសភាពយោធិននារី ដែលត្រូវបានទទួលប្រាក់ឧបត្ថម្ភគោលនយោបាយលំហែមាតុភាព មានចំនួន២រូប ជាមួយនោះដែរក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភបន្ថែមថវិការបស់អង្គភាពជូនយោធិននារីដែលត្រូវលំហែមាតុភាពក្នុងម្នាក់ៗចំនួន២០០.០០០រៀលផងដែរ សរុបយោធិនលំហែមាតុភាពម្នាក់ៗទទួលបានថវិកា១លានរៀល គឺ១/លោកស្រីនាយចំណង់ គង់ ដានី អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ២/លោកស្រីព្រិន្ទបាលឯក សៀត សុភត្រា អង្គភាពផ្នែកសឹករងស្ទឹងសែន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែល សម្តេចបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងគិតគូរដោះស្រាយជីវភាព និងសុខុមាលភាព ជូនយោធិនគ្រប់ៗរូប ពិសេសយោធិននារី ដែលបានសម្រាកលំហែមាតុភាព ត្រូវបានទទួលប្រាក់គោលនយោបាយក្នុងការថែទាំសុខភាពមាតានិងទារក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណូមពរដល់យោធិននារីគ្រប់រូប ត្រូវខិតខំថែរក្សាសុខភាព និងបំពេញកាតព្វកិច្ចជាភរិយាល្អ មាតាល្អ និងជាមេគ្រួសារដ៏ល្អនៅក្នុងគ្រួសារនីមួយៗ ប្រកបដោយសុភមង្គល និងក្រោយពេលបញ្ចប់ការសម្រាកច្បាប់តាមការកំណត់ក្នងការអនុញ្ញាតលំហែមាតុភាព ត្រូវអញ្ជើញមកបំពេញកាងារនៅក្នុងអង្គភាពតាមភារកិច្ច រៀងៗខ្លួន ស្របតាមច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ៕