កំពង់ចាម: ឯកឧត្តម ហ៊ុន ម៉ានិត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ទេីបយើងមានឱកាសធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
កាន់តែប្រសើរឡើងជាលំដាប់ ដែលជាកត្តាជុំរុញទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ឱ្យបានដេីរទន្ទឹមគ្នាផងដែរ ។ ការថ្លែងបែបនេះក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តនិរោធរង្សី (វត្តកន្លែងរុន) ស្ថិតនៅឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។
ក្នុងពិធីនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត បានថ្លែងថា ការដឹកនាំរបស់សម្តេចតេជោ គឺជាការដឹកនាំដោយភាពត្រជាក់ត្រជំ និងការដឹកនាំដោយមានធនធានមនុស្សគ្រប់គ្រាន់ មានទស្សនៈវិស័យ ចក្ខុវិស័យ វែងឆ្ងាយ និងមានគោលនយោបាយច្បាស់លាស់ ដើម្បីប្រទេសជាតិ និងដើម្បីប្រជាជន ។ ឯកឧត្តម ហ៊ុន ម៉ានិត បានបន្តថា បង ណែត គឺជាថ្នាក់ដឹកនាំ វ័យក្មេងម្នាក់ ដែលមានសក្ដានុពល មានសមត្ថភាពគ្រប់គ្រាន់ និងមានស្នាដៃជាច្រើន ហេីយការដឹកនាំរបស់គាត់ មានការប្រមូលផ្ដុំ សុខដុមរមនីយកម្ម ដូចសម្តេចតេជោផងដែរ ពោលគឺការដឹកនាំរបស់គាត់ មានតម្លាភាពច្បាស់លាស់ណាស់ មិនមែនអ្នកណាដេីរជិតហើយ បានតួនាទីធំនោះទេ គឺពឹងយោងទៅលើគុណសម្បត្តិ ឬស្នាដៃរបស់បុគ្គលនិមួយៗ ។
ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា នៅពេលខាងមុខ ក្រោយពីមានការបោះឆ្នោតរួចហើយ បន្ទាប់មក គឺយើងនឹងមានពេលវេលាអន្តរកាល នៅពេលណាគឺអាស្រ័យលើដឹកនាំបច្ចុប្បន្ននេះ ពេលវេលាអន្តរកាលមានន័យថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងក្លាយទៅជានាយករដ្ឋមន្ត្រី ហេីយឯកឧត្តម លោកជំទាវ មួយចំនួន នឹងឡើងធ្វើជារដ្ឋមន្រ្តី នៃគណៈរដ្ឋមន្ត្រីថ្មី ពេលខាងមុខ ។ បានន័យថា ពេលវេលាអន្តរកាល ឬថ្នាក់ដឹកនាំជំនាន់ថ្មី របស់គណបក្សប្រជាជនកម្ពុជា គឺមានសក្ដានុពល ថាមពលគ្រប់គ្រាន់ ហើយគោលការណ៍ គោលជំហរ របស់គាត់នៅតែដដែល គឺដើម្បីប្រជាជន និងដើម្បីប្រទេសជាតិកម្ពុជាមុនគេបង្អស់ ដូច្នេះហើយសូមឱ្យប្រជាពលរដ្ឋទាំងអស់ ជុំរុញបងប្អូនកូនចៅ ឬអ្នកជិតខាងយើង ទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា តាំងពីបុរាណមកទល់បច្ចុប្បន្ន វត្តអារាមពុទ្ធសាសនា បានក្លាយជាទីជម្រកស្នាក់អាស្រ័យ របស់ក្មេងកំព្រា ជនគ្មានទីពឹង និងសិស្សសាលា ក្រៅពីនេះវិស័យព្រះពុទ្ធសាសនាក៏តែងតែបានចូល រួមជាមួយការងារសង្គម កម្មវិធីមនុស្សធម៌ ទាំងចូលរួមដោយផ្ទាល់ ក៏ដូចជាចូលរួមតាមរយៈអាជ្ញាធរ ខេត្ត ស្រុក និងកាកបាទក្រហមជាដើម។ល។ តាមរយៈតួនាទីដ៏សំខាន់នៃព្រះពុទ្ធសាសនា នៅក្នុង សង្គមខ្មែរ ទើបញ៉ាំងឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមប្រតិបត្តិតាមជំនឿ ប្រពៃណីទំនៀមទំលាប់ និង ចូលរួមជាមួយព្រះសង្ឃ គណៈកម្មការវត្ត ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា បន្តការអភិវឌ្ឍន៍វិស័យពុទ្ធ សាសនាឱ្យបានរីកចម្រើនជាបន្តបន្ទាប់ ៕





































