បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ អង្គភាពទាំង៣ មន្ត្រីរាជការ សិស្ស និស្សិតប្រហែលជាង១.០០០នាក់កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣នេះ បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះមហាក្សត្រ នរោត្តមសីហមុនី នាសាលប្រជុំសាលាខេត្ត។
ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត ព្រះមេគណ ព្រះមន្ត្រីសង្ឃនៃសាលាគណ ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំង៣មាន កងរាជអាវុធហត្ថ ស្នងការនគរបាលខេត្ត យោធា តាជី យាយជី សាស្ត្រាចារ្យ សិស្ស និស្សិតប្រហែលជាង១.០០០នាក់ បាននាំគ្នាចូលរួម ព្រះរាជពិធីនេះ។
ឯកឧត្ដម អ៊ុ រាត្រី បានមានប្រសាសន៍ថា ក្នុងនាមលោកជាអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាព សិស្ស និសិត្ស ប្រជាពលរដ្ឋទូទាំងខេត្ត សូម ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៧០យាងចូល ៧១ព្រះវស្សា។
ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាចងចាំជានិច្ចនូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងការចំណាយព្រះបញ្ញា ញាណ ព្រះកាយពលគ្រប់ពេលវេលា ក្នុងបុព្វហេតុជួយដល់ជាតិ មាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ ប្រកបដោយ ព្រះរាជហឬទ័យមហាសប្បុរស សណ្តោសប្រោស ប្រណីដ៏ថ្លៃថ្លាជាទីបំផុត រកអ្វីមកប្រៀបផ្ទឹម ពុំបានឡើយ។
នៅក្នុងឪកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះវស្សាដ៏ឧត្ដុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី ទេវតារក្សាមហាស្វេតច្ឆ័ត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រមទាំងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុង លោក សូមប្រោះប្រទាននូវទឹកមន្តអម្រឹត ប្រសិទ្ធិពរជ័យថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាមហាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរនៅទូទាំងព្រះរាជាណាចក្រ កម្ពុជា ជានិច្ចនិរន្តរ៍តរៀងទៅ
ក្នុងព្រះរាជពិធីនោះដែរ រដ្ឋបាលខេត្តបានរៀបចំនូវទេយ្យទាននិងបច្ច័យប្រគេនព្រះសង្ឃ អំណោយជូនតាជីយាយជី លែងសត្វនិងរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៧១អង្គ ផងដែរ៕ដោយ៖ឃិន គន្ធា