មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកគ្រឿងឧបភោគបរិភោគនិងថវិការបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅចូលរួមក្នុងពិធីបុណ្យសពនិងចែកអំណោយជូនប្រជាពលដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៣  ខែឧសភា ឆ្នាំ២០២៣ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររបស់ រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋ ដែលបានទទួលមរណភាព ចំនួន២សពគឺសពលោកស្រី ធី អឿន  អាយុ៤៩ឆ្នាំ ទទួលមរណភាពកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣  ដោយរោគាពាធ និងសពលោកស្រី  យន់ ទិន អាយ៦២ឆ្នាំ ទទួលមរណភាពកាពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣  ដោយរោគាពាធ ព្រមទាំងចែកអំណោយជូនប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាតពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ពេលប្រជាជនមានទុក្ខលំបាក គឺមានមុខក្រុមការងាររបស់រាជរដ្ឋាភិបាល ជួយដោះស្រាយនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា  គឺជាការរួមសុខនិងរួមទុក្ខ ជាមួយប្រជាជន ជាមួយនេះផងដែរ ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានថ្លែងនូវការសោកស្តាយអាឡោះអាល័យ ចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋទាំង២រូប និងបានបួងសួង សូមឲ្យវិញ្ញាណក្ខន្ធគាត់ទាំង២រូប បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារសព  និងប្រពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ហើយយើងទាំងអស់គ្នា និងក្រុមគ្រួសារត្រូវត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនថា គ្រឿងឧបភោគ បរិភោគ ដែលបានឧបត្ថម្ភជូនក្រុមគ្រួសារសពប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នៅពេលនេះគឺជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី  រួមមាន  អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុងចំនួនពីរយួរ  និងថវិកាមួយចំនួន  ផងដែរ  ។ ដោយឡែកប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតទាំង១៥គ្រួសារផ្សេងទៀត ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ៕