ប្រជាពលរដ្ឋ២០០គ្រួសារ ទទួលបានអំណោយពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ធំ

0

កំពង់ធំ៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន ២០០គ្រួសារទទួលអំណោយជាស្បៀងអាហារ ពីស្បៀងបម្រុងកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ធំ។

ការទទួលស្បៀងនេះធ្វើឡើងនៅក្នុងវត្តក្តីចារ្តិ៍ ស្ថិតនៅ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម ប្លុង ពុទ្ឋកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ។

លោក អ៊ុត វណ្ណរា៉  អភិបាលស្រុកកំពង់ស្វាយ បានលើកឡើងពី ការងារបង្កបង្កើនផលនៅរដូវវស្សា និងផលប៉ះពាល់លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ចំពោះគ្រួសារក្រីក្រ រងគ្រោះដោយទឹកជំនន់ដែលមកទទួលអំណោយនៅថ្ងៃនេះមានចំនួន ២០០គ្រួសារ មកពី ២ឃុំគឺឃុំកំពង់ស្វាយ១២៦គ្រួសារ ឃុំព្រៃគុយ៧៤គ្រួសារ។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានឱ្យដឹងថា ស្បៀងទាំងអស់នេះ គឺជាការយល់ចិត្តទុកដាក់ ទុកបម្រុងរួចស្រេច ដើម្បីជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ឱ្យតែមានគ្រោះមហន្តរាយ គ្រោះទឹកជំនន់ គឺរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

លោកជំទាវអភិបាលរងខេត្តកំពង់ធំ បានបន្តថា នេះសបញ្ជាក់ឱ្យឃើញពីកិច្ចខំប្រឹងប្រែង ដោះស្រាយនូវក្តីកង្វល់ ទុកលំបាក និងបញ្ហាប្រឈមរបស់បងប្អូនបប្រជាពលរដ្ឋ  ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយកំរិតផងដែរ។

លោកជំទាវអភិបាលរងខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានផ្ដល់នូវស្បៀងក្នុងឱកាសនេះ។ ប្រជាពលរដ្ឋ២០០ គ្រួសារក្នុងមួយគ្រួសារទទួលបាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ និង ទឹកបរិសុទ្ធផងដែរ។