កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវសូមឱ្យ មជ្ឈដ្ឋានអន្តរជាតិ ចូលរួមអន្តរាគមន៍បញ្ឈប់អំពើឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា ដើម្បី បញ្ឈប់នូវការបង្កឱ្យមានប្រជាពលរដ្ឋស្លូតត្រង់ធ្លាក់ខ្លួនទៅជាមានពិការភាពបន្តទៅទៀត។ ថ្លែង បែបនេះក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិ
លើកទី៤៣ នាព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាស្រុកកំពង់សៀម ។
ថ្លែងក្នុងឱកាសដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សា សកម្មភាពជនពិការខេត្តកំពង់ចាម បានស្នើដល់អង្គការ ដៃគូអភិវឌ្ឍន៍លើវិស័យពិការភាព ឱ្យ រាយការណ៍ពីស្ថានភាពពិតប្រាកដសង្គ្រាមឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាពកម្ពុជា ដែលមានការអូសបន្លាយពេលវេលា បង្កឱ្យមានប្រជាជនស្លូតត្រង់ធ្លាក់ខ្លួនទៅជាពិការជា បន្តបន្ទាប់ ខណៈកម្ពុជាត្រូវការសន្តិភាព និងការគោរពច្បាប់អន្តរជាតិ ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យមានការកែសម្រួលឬរៀបចំផាសុកវត្ថុសម្រាប់ជនមាន ពិការភាពនៅតាមសំណង់អគារ និងទីធ្លាសាធារណៈ ដើម្បីឱ្យជនមានពិការភាពគ្រប់ ប្រភេទអាចចេញចូល ចុះឡើង និងប្រើប្រាស់បានស្របតាមច្បាប់ ស្តីពីកិច្ចការពារនិងលើកកម្ពស់ សិទ្ធិជនពិការ ដោយឈរលើបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់មន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញឱ្យវិស័យឯកជន និងអង្គការ សង្គមស៊ីវិល ទទួលយកជន មានពិការភាពចូលបម្រើការងារតាមអត្រាកំណត់ ហើយត្រូវពិន័យអន្តរកាណ៍ ចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាស និងអង្គការសង្គមស៊ីវិល ដែលមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងច្បាប់ ផងដែរ ៕






































