ការចុះពិនិត្យ និងផ្ទៀងផ្ទាត់លើការបំពេញសូចនាករវាយតម្លៃជ្រើសរើសការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តឆ្នើមឆ្នាំ២០២៥

0

សៀមរាប: នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ហ៊ាង ឆយី អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន ចុះពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារលើការបំពេញសូចនាករវាយតម្លៃជ្រើសរើសការិយាល័យប្រជាពលរដ្ឋនៅខេត្តសៀមរាប សម្រាប់ការប្រលងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តឆ្នើមក្នុងឆ្នាំ២០២៥។
ក្នុងការចុះពិនិត្យ និងផ្ទៀងផ្ទាត់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ពីឯកសារអំណះអំណាងជាក់ស្តែងរបស់ការិយាល័យប្រជាពលរដ្ឋ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលខេត្ត លោក លោកស្រី ដែលជាប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ និងមន្រ្តីពាក់ព័ន្ធសាលាខេត្ត សរុបចំនួនប្រមាណ ១៥រូប ។
សូមបញ្ជាក់ថា កន្លងមកនេះ ដើម្បីលើកទឹកចិត្តដល់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តដែលមានស្នាដៃល្អ ក្នុងការបំពេញការងារ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយអង្គការតម្លាភាពកម្ពុជា បានរៀបចំដំណើរការប្រឡងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ឆ្នើមប្រចាំឆ្នាំ ចំនួន៣លើករួចមកហើយ គឺឆ្នាំ២០២២ ឆ្នាំ២០២៣ និងឆ្នាំ២០២៤។
សម្រាប់ឆ្នាំ២០២៥នេះ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល នៅតែបន្តរៀបចំឲ្យមានការប្រឡងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋឆ្នើម ព្រមទាំងមានការរៀបចំជាមួយគ្នានូវការប្រឡងប្រណាំងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តផងដែរ ។ ការប្រឡងប្រណាំងនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្ដល់ការលើកទឹកចិត្តដល់ការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋ និង អង្គភាពច្រកចេញចូលតែមួយ ដែលមានស្នាដៃឆ្នើមផ្តល់សេវារដ្ឋបាល ព្រមទាំងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋ និងផ្ដល់ឱកាសឲ្យរដ្ឋបាលរាជធានី ខេត្ត ធ្វើការវាយតម្លៃពីស្ថានភាពការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ ដើម្បីជាមូលដ្ឋាន ក្នុងការកែលម្អឲ្យបានល្អប្រសើរឡើង៕