អាជ្ញាធរខេត្តសៀមរាបទទួលអំណោយបង្គន់អនាម័យពីសប្បុរសជន

0

សៀមរាប: ដោយមើលឃើញនូវការខ្វះខាត់នៅតាមមណ្ឌលសុវត្ថិភាព ពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក និង ដើម្បីជួយសម្រាលបន្ទុកជីវភាព និង បញ្ហាអនាម័យ ជូនបងប្អូន ដែលបានជម្លៀសខ្លួន ពីបណ្ដាខេត្តជាប់តំបន់សង្គ្រាមឈ្លានពានពីកងទ័ពថៃ មកកាន់ទីកន្លែងសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវបានរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ធ្វើការផ្គត់ផ្គង់ទឹកស្អាត ការផ្តល់ជូនធុងចម្រោះ និងបង្គន់អនាម័យ ដែលសុទ្ធសឹងជាតម្រូវការចាំបាច់របស់បងប្អូនប្រើប្រាស់ ។ ជាក់ស្តែកនៅព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០២៥នេះ លោក ណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប បាននាំយកបង្គន់អនាម័យចំនួន៥០បង្គន់ មកប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីធ្វើការចាត់ចែងសាង់សង់បន្ទប់បង្គន់ជូនដល់បងប្អូនជនភៀសសឹក នៅតាមមណ្ឌលដែលមានការខ្វះខាតបង្គន់អនាម័យប្រើប្រាស់ ។
លោក ណម ពិសិដ្ឋ ក៏បានលើកឡើងថា ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនភៀសសឹក តាមមណ្ឌលសុវត្ថិភាព ជាការរស់នៅប្រមូលផ្តុំនេះ តែងតែជួបនូវបញ្ហា សុខភាព អនាម័យ និង បរិស្ថាននៅជុំវិញខ្លួន ។ ដោយមើលឃើញ បញ្ហា សុខភាព អនាម័យនេះហើយ លោកនិងក្រុមគ្រួសារ រួមនឹងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត បាន ផ្តល់នូវបង្គន់អនាម័យ ដល់រដ្ឋាបាលខេត្ត ដើមី្បយកទៅសាងសង់ជូននៅតាមមណ្ឌល ដែលខ្វះខាតបង្គន់អនាម័យ ប្រើ ប្រាស់ ។
លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ក៏បានមានប្រសាសន៍កោតសរសើរនូវទឹកចិត្តរបស់ លោកណម ពិសិដ្ឋ និង សហការី ក្នុងស្មារតីខ្មែរជួយខ្មែរនិង ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងជួយសម្រួលដល់ប្រជាពលរដ្ឋ ចាស់ជរា ស្ត្រីមានផ្ទៃពោះ ព្រមទាំងដើម្បីធានាសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសុខមាលភាពដល់គ្រួសារដែលផ្លាស់ទីនៅមណ្ឌលសុវត្ថិភាពផងដែរ ។ បញ្ហាការបន្ទោបង់ពាសវាលពាសកាល ត្រូវបានកាត់បន្ថយតាមរយៈការសង់សង់បង្គន់អនាម័យ ។ ម៉្យាងទៀត ខេត្តសៀមរាបជាខេត្តទី១០ ក្នុងការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល នៅទូទាំងប្រទេសផងដែរ ។ ការរស់ប្រកបទៅអនាម័យ បរិស្ថានល្អ នឹង ធ្វើឲ្យសុខមាលភាពយើងគ្រប់គ្នា គ្មានជម្ងឺ និង កាត់ បន្ថយការចំណាយថវិកាទៅលើការព្យាបាលជម្ងឺទៀតផង ៕