(ភ្នំពេញ)៖ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ប្រធានកិត្តិយស ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួង ស.អ.យ និងជាប្រធានសមាគម កញ្ញា កុយ អេនណា អនុប្រធានសមាគមតន្រ្តីសំនៀងជនពិការ លោកជំទាវ ប៉ុក ណណ្តា និងក្រុមហ៊ុន សួស្តី ពិភពសាឡន ព្រមទាំងក្រុមការងារជនមានពិការភាព សិល្បៈករ សិល្បៈការិនី និងសប្បុរសជន នាថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយរបស់សប្បុរសជន ដើម្បីប្រគល់ជូនដល់ជនភៀសសឹក នៅវត្តរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ពិធីប្រគល់អំណោយនេះ បានរៀបចំនៅជំរំជនភៀសសឹកក្នុងវត្តរលួស ដោយមានការសហការរៀបចំដោយអាជ្ញាធរមូលដ្ឋាន និងព្រះចៅអធិការវត្ត ។ក្នុងឱកាសនោះ ឯកឧត្តម ចាប តូ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ រួមសុខ រួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលរងគ្រោះដោយសារអំពើឈ្លានពានដ៏ព្រៃផ្សៃរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា។
ឯកឧត្តម បានលើកឡើងថា អំណោយដែលបានយកមកជូននាពេលនេះ ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពខ្មែរតែមួយ ដែលប្រជាពលរដ្ឋទូទាំងប្រទេស ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមលះបង់ធនធាន និងកម្លាំងកាយ ចិត្ត ឧបត្ថម្ភជាថវិកា និងសម្ភារៈផ្សេងៗ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារវីរកងទ័ព ដែលបានជម្លៀសមកទីសុវត្ថិភាពដោយសារការឈ្លានពានរបស់ទាហានសៀម ។
លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋក្នុងជំរំជនភៀសសឹក ឱ្យយកចិត្តទុកដាក់រក្សាអនាម័យ ថែទាំសុខភាព បង្ការជំងឺដំកាត់នានា និងសូមឱ្យបងប្អូនប្រជាពលរដ្ឋមានការអត់ធ្មត់ ដោយត្រូវជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយ ឈានទៅបញ្ចប់សង្រ្គាម និងនាំយកសុខសន្តិភាព ជូនដល់ប្រទេសជាតិនិងប្រជាពលរដ្ឋរបស់យើងនាពេលខាងមុខនេះ ហើយបងប្អូនអាចវិលត្រឡប់ទៅលំនៅដ្ឋាន ភូមិ ស្រុក រៀងៗខ្លួនវិញ។
អំណោយសម្រាប់ចែកជូននាឱកាសនេះ រួមមាន ឈុតកាតាបសម្រាប់កុមារ សៀវភៅ ២ក្បាល កាបូបដាក់ខ្មៅដៃ ១ឈុត ចំនួន ៣០០ឈុត ឈុតកាដូរសម្រាប់កុមារ សៀវភៅរូបគំនូរ ១ដុំ គូល័រទៀន ១ឈុត បាយឡុកបាយឡ ១ឈុត កូនឡាន ឬមនុស្សយន្ត ១ ស្ករគ្រាប់ នំ ២កញ្ចប់ ពពុះសាប៊ូ ស្រោមមុខ ១ គ្រាប់ផ្គំពណ៌ ចំនួន ៣០០ឈុត។ សម្រាប់មនុស្សចាស់ និងជនពិការ មាន កន្ទេល ខ្នើយ ភួយ មុង ក្រម៉ា សារ៉ុង នំ ១ឈុតធំ ត្រីងៀត ១គីឡូក្រាម ចាស់ជរា ៤នាក់ ពិការ ២២នាក់ សរុប ៦កញ្ចប់ អង្ករ ១ថង់ ៥គីឡូ ១៣០ការ៉ុង និងក្នុងម្នាក់ទទួលបានអាវយឺតចំនួន ១។
លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម អនុរដ្ឋលេខាធិការ និងកញ្ញាអនុប្រធានសមាគម ក៏ប្រគល់ថវិកាមួយចំនួនផងដែរ ជូនព្រះចៅអធិការវត្តរលួស សម្រាប់រួមចំណែក សម្រាលបន្ទុកចំណាយប្រចាំថ្ងៃក្នុងការរៀបចំទ្រទ្រង់ប្រជាពលរដ្ឋភៀសសឹកក្នុងវត្ត។






































